ថៃ ប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ ត្រៀមខ្លួនជម្លៀស ក្រោយស្ថានការណ៍ប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាកាន់តែក្ដៅ!
ថៃ៖ អគ្គស្នងការនគរបាលជាតិថៃ បានណែនាំឱ្យកងកម្លាំងនគរបាលតាមព្រំដែនត្រៀមលក្ខណៈសម្រាប់ការជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក្នុងករណីចាំបាច់ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតមានខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ។
អ្នកនាំពាក្យនគរបាលជាតិថៃ លោក Pol Lt Gen Siriwat Deephor បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ លោក Pol Gen Samran Nuanma មានការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅតាមព្រំដែន ជាពិសេសនៅស្រុក Mae Sot និង Phop Phra ខេត្ត Tak ដែលរងផលប៉ះពាល់ពីការប្រយុទ្ធគ្នាឆ្លងព្រំដែន។


លោកបានណែនាំឱ្យនគរបាលខេត្ត Tak នគរបាលតំបន់៦ និងកងនគរបាលល្បាតព្រំដែន តាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងធានាសុវត្ថិភាពសហគមន៍តាមព្រំដែន។ ការត្រៀមជម្លៀសត្រូវផ្តោតជាពិសេសលើក្រុមងាយរងគ្រោះ រួមមានកុមារ មនុស្សចាស់ និងអ្នកជំងឺ។
ជាមួយគ្នានេះ នគរបាលអន្តោប្រវេសន៍ត្រូវបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យអ្នកចេញចូលប្រទេស ខណៈស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជិតខាង និងសហគមន៍មូលដ្ឋាន ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ នគរបាលថៃក៏បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់គ្រាអាសន្នដែលអាចកើតមាន។ ជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់មុនចែករំលែក ជៀសវាងការសន្និដ្ឋានពីរូបភាព ឬវីដេអូដែលមិនអាចយកបាន និងមិនត្រូវបន្តផ្សព្វផ្សាយសារដែលអាចបង្កការភ័យបារម្ភក្នុងសង្គម។
ប្រភព៖ Khaosod













