លោក ដូណាល់ ត្រាំ ប្រកាសថា ក្រោយដាច់ឆ្នាំនេះ អាមេរិកនឹងលែងផ្ដល់ជំនួយយោធាប្រចាំឆ្នាំដល់អ៊ីស្រាអែលទៀតហើយ!


វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្តល់ជំនួយយោធាប្រចាំឆ្នាំដល់អ៊ីស្រាអែល បន្ទាប់ពីដាច់ឆ្នាំ២០២៦នេះ តាមកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ប៉ុន្តែអាមេរិកនឹងបន្តលក់អាវុធឱ្យសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួននៅមជ្ឈិមបូព៌ានេះដូចដើម។

លោក ដូណាល់ ត្រាំ បានប្រកាសដូច្នេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ខណៈពលរដ្ឋអាមេរិកកំពុងបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ថា «តើគណបក្សសាធារណរដ្ឋរបស់លោកអាចរក្សាការគ្រប់គ្រងសភាបានឬយ៉ាងណា»? លោកបានលើកឡើងថា អ៊ីស្រាអែលលែងត្រូវការជំនួយហិរញ្ញវត្ថុនេះទៀតហើយ ហើយការបញ្ឈប់ជំនួយក៏អាចដកចេញនូវចំណុចដែលគណបក្សប្រជាធិបតេយ្យប្រើប្រាស់រិះគន់គណបក្សសាធារណរដ្ឋផងដែរ។

បច្ចុប្បន្ន អនុស្សរណៈនៃការយោគយល់រវាងអាមេរិក និងអ៊ីស្រាអែល កំណត់ជំនួយយោធាចំនួន ៣,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ រហូតដល់ខែកញ្ញា ឆ្នាំ២០២៨។ ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ពីលក្ខខណ្ឌបញ្ឈប់ជំនួយមុនកាលកំណត់ ឬព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងថ្មីនេះឡើយ។

ការប្រកាសនេះ កើតឡើងនៅពេលការគាំទ្ររបស់សាធារណជនអាមេរិកចំពោះអ៊ីស្រាអែលមានការថយចុះ ជាពិសេសក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សា។ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac កាលពីខែមិថុនា បានបង្ហាញថា អ្នកបោះឆ្នោត ៤៨% និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ៦៦% យល់ថា អាមេរិកផ្តល់ការគាំទ្រដល់អ៊ីស្រាអែលច្រើនហួសហេតុ។

ទន្ទឹមនឹងនេះ ការប្រកាសរបស់លោក ត្រាំ បានបង្កការរិះគន់ពីមន្ត្រីមួយចំនួន។ មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល លោក Gadi Eisenkot បានលើកឡើងថា ការផ្លាស់ប្តូរទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយមិនបានជូនដំណឹងដល់ស្ថាប័នសន្តិសុខអ៊ីស្រាអែលជាមុន គឺជាបញ្ហាគួរឱ្យព្រួយបារម្ភដែលមិននឹកស្មាន។ ចំណែកសមាជិកសភាសាធារណរដ្ឋ លោក Don Bacon ក៏បានសម្តែងការមិនពេញចិត្តចំពោះការដែលអ៊ីស្រាអែលមិនបានដឹងជាមុនអំពីការសម្រេចចិត្តនេះ។

ប្រភព៖ Reuters