|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាសហអធិបតីក្នុងពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល»


ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក«សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅទីស្តិការក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ សមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈ អធិការ ប៉ុស្តិ៍នគរបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ក្នុងប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានគូសបញ្ជាក់ពីសាវតា ដំណើរការអនុវត្ត ព្រមទាំងកំណត់នូវលក្ខណៈវិនិច្ឆ័យគោល នៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល  ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងនៅតាមអង្គភាពសាលារៀន ចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ សម្រាប់វិស័យអប់រំ និងអង្គភាពមន្ទីរពេទ្យ ចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិ៣ សម្រាប់វិស័យសុខាភិបាល។

ភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយសារកត្តាមួយចំនួន រួមមាន កត្តាផ្ទៃក្នុងអង្គភាព (មានឆន្ទៈ សាមគ្គីភាព សហការរៀបចំដោយការទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិតប្រកបដោយនវានុវត្តន៍) កត្តាខាងក្រៅ (មានទំនាក់ទំនង និងសហការល្អ មានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍនានា) និងកត្តាអាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាលអង្គភាព (ការយកចិត្តទុកដាក់ ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស ការផ្តល់កិច្ចសហការ និងការជួយជ្រំជ្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអង្គភាពជាអាណាព្យាបាល)។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ដើម្បីឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង ក្រសួងមុខងារសាធារណៈ ជាគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិត និងសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចែករំលែក នូវបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន លើការជួយនិងគាំទ្រជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្នុងការសម្រេចបាននូវឧត្តមានុវត្តន៍លើលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក៏ដូចជាការខិតខំជាបន្តក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាព សាលារៀន និងមន្ទីរពេទ្យ ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញារធរមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា “កន្លងមកយើងធ្លាប់បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឥឡូវនេះយើងបានឈានមួយជំហានទៀត គឺការរៀបចំឱ្យមានការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ដែលបានជួយ និងគាំទ្រទៅដល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ តាមរយៈសិក្ខាសាលាថ្ងៃនេះ ការជំរុញជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការគាំទ្រ កសាង និងអភិវឌ្ឍអង្គភាពសាលារៀន និងមន្ទីរពេទ្យ មានលក្ខណៈកាន់តែសកម្ម និងផុសផុល ក្នុងគោលដៅរួម គឺការធានាបាននូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈទាំងសេវាអប់រំ និងសេវាសុខាភិបាល៕”