ឯកឧត្តម ហេង សួរ៖ «រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា មិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនិយោជិតនោះឡើយ»
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» (OSH) នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sokha Phnom Penh ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និយោជក និងកម្មករនិយោជិត សំដៅធានាឱ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជា និងបទដ្ឋានស្តង់ដាអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាព។



ជាមួយគ្នានោះ ឯកឧត្តម គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងសេចក្តីប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាង ២០ដែលមានស្រាប់ ហើយការបង្កើតច្បាប់នេះគឺជាការឆ្លើយតបដោយផ្ទាល់ និងទាន់ពេលវេលាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនេះ ច្បាប់នេះក៏បង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដែលបានអនុម័តដាក់ឱ្យប្រើច្បាប់នេះរួចហើយ។ សម្រាប់កម្ពុជា ការអនុម័តដាក់ឱ្យប្រើច្បាប់នេះនាពេលខាងមុខ គឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ ស្របតាមនិន្នាការសកល និងបទដ្ឋានអន្តរជាតិខាងការងារ ជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងបរិស្ថាន (HREDD)។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងបទពិសោធដ៏សម្បូរបែបពីអង្គសិក្ខាសាលានឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រ ហើយច្បាប់នេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថា រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនិយោជិតនោះឡើយ។
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ















