សម្ដេចតេជោ ហ៊ុន សែន៖ ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ


នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរីចំនួន ៧៨៥នាក់ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។

ជាមួយគ្នានោះ សម្ដេច ក៏បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។

ប្រភព៖ សម្ដេចតេជោ ហ៊ុន សែន