|

ថៃចាប់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ពីបទឆបោកប្រាក់ជនជាតិអាមេរិក ១០ លានដុល្លារ


នគរបាលនៅក្នុងប្រទេសថៃបានចាប់ខ្លួនបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ប្រាក់ពីជនជាតិអាមេរិកអស់ប្រមាណ ១០ លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរថៃកាលពីថ្ងៃអាទិត្យ (២៦ មេសា) ដោយបន្ថែមថា ពួកគេនឹងធ្វើបត្យាប័នបុរសរូបនេះទៅកាន់សហរដ្ឋអាមេរិក។

លោក Suriya Poungsombat មន្ត្រីនគរបាលអន្តោវេសន៍ថៃ បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា បុរសជនជាតិឥណ្ឌូនេស៊ីវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅឯរមណីយដ្ឋានប្រណីតមួយក្នុងទីក្រុងភូកេត បន្ទាប់ពីទទួលបានសញ្ញាផ្តល់ដំណឹងពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI)។

បើតាមលោក Suriya ភ្នាក់ងារ FBI បានផ្តល់ដំណឹងដល់អាជ្ញាធរថៃថា ជនសង្ស័យបានចាកចេញពីទីក្រុងឌូបៃ ហើយបានធ្វើដំណើរមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃពុធ។ បន្ទាប់ពីការចាប់ខ្លួន បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក ដើម្បីរង់ចាំការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។

លោកបានបន្ថែមថា៖ «FBI បានបញ្ជាក់ថា រូបគេត្រូវបានតាមចាប់ខ្លួនពីបទប្រព្រឹត្តអំពើឆបោកប្រឆាំងនឹងជនជាតិអាមេរិក ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ លានដុល្លារ»។ ទោះជាយ៉ាងណា ខាង FBI មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី AFP កាលពីថ្ងៃអាទិត្យនៅឡើយទេ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានជួលតារាម៉ូដែល ដើម្បីទាក់ទាញគោលដៅឱ្យចូលក្នុងគម្រោងវិនិយោគក្លែងក្លាយតាមរយៈការហៅទូរស័ព្ទជាវីដេអូ កម្មវិធីស្វែងរកគូស្រករ និងបណ្តាញសង្គម ហើយរូបគេបានគ្រប់គ្រងប្រតិបត្តិការឆបោកនេះចេញពីសហព័ន្ធអារ៉ាប់រួម។

ប្រភព៖ CNA