|

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បដិសេធផែនការបញ្ជូននាវាការពារនៅច្រកសមុទ្រ Hormuz បើទោះបីជាមានការអំពាវនាវពីលោក ដូណាល់ ត្រាំ


នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសជាផ្លូវការនៅចំពោះមុខសភាថា ប្រទេសជប៉ុនមិនទាន់មានផែនការបញ្ជូននាវាចម្បាំងនៃកងកម្លាំងការពារខ្លួន ដើម្បីចូលរួមក្នុងបេសកកម្មការពារនាវាពាណិជ្ជកម្មនៅតំបន់មជ្ឈិមបូព៌ានៅឡើយទេ។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម ដោយអំពាវនាវឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត រួមមានជប៉ុន កូរ៉េខាងត្បូង ចិន និងអង់គ្លេស បញ្ជូននាវាចម្បាំងមកជួយការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងរងការបិទខ្ទប់។

យោងតាមការចុះផ្សាយរបស់ Reuters លោកស្រី Takaichi បានសង្កត់ធ្ងន់ថា “យើងមិនទាន់បានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងការបញ្ជូននាវាការពារឡើយ”។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងបន្តពិនិត្យមើលយ៉ាងដិតដល់នូវអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើទៅបាននៅក្រោមក្របខ័ណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួន ដែលកម្រិតវិសាលភាពនៃប្រតិបត្តិការយោធានៅបរទេស។ ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកក៏មិនទាន់បានផ្ញើសំណើជាផ្លូវការណាមួយមកកាន់ទីក្រុងតូក្យូនៅឡើយដែរ។

ការអំពាវនាវរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រទេសជប៉ុនស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ខណៈដែលជប៉ុនគឺជាប្រទេសនាំចូលប្រេងធំជាងគេទី ៥ របស់ពិភពលោក ដោយ ៩៥% នៃប្រេងឆៅរបស់ខ្លួននាំចូលពីមជ្ឈិមបូព៌ា និង ៧០% ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដើម្បីទប់ទល់នឹងវិបត្តិថាមពលដែលបណ្តាលមកពីសង្រ្គាម លោកស្រី Takaichi បានសម្រេចបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៨០ លានបារ៉ែលរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនៅតែប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ជូនកម្លាំងយោធា ដោយបារម្ភពីប្រតិកម្មរបស់ប្រជាពលរដ្ឋ និងការរំលោភលើរដ្ឋធម្មនុញ្ញ។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំនួបកំពូលរវាងលោកស្រី Takaichi និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងនៅសេតវិមាន នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ក្រុមអ្នកវិភាគរំពឹងថា បញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz និងតួនាទីរបស់ជប៉ុនក្នុងសង្រ្គាមអាមេរិក-អ៊ីរ៉ង់ នឹងក្លាយជាប្រធានបទក្តៅបំផុតនៅក្នុងកិច្ចពិភាក្សានោះ ខណៈដែលអាមេរិកព្យាយាមដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តចូលរួមចំណែកកាន់តែច្រើនក្នុងប្រតិបត្តិការយោធាតំបន់៕

ប្រភព៖ Reuters