តុលាការពាណិជ្ជកម្មសហរដ្ឋអាម៉េរិកសម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ!
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងអំពីការវិត្តដ៏សំខាន់មួយចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ សហរដ្ឋអាម៉េរិក។
យោងតាមរយៈខ្លឹមសារនៅក្នុងលិខិតដែលបានចេញផ្សាយដោយ TAFTAC បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបាន សម្រេចថាពន្ធគយ«ទិវារំដោះ»របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់អត្រាពន្ធមូលដ្ឋាន១០%លើ ការនាំចូជាច្រើន គឺខុសច្បាប់។ តុលាការបានសម្រេចថាពន្ធនេះលើសពីសិទ្ធិអំណាចដែលបានផ្តល់ឱ្យក្រោម ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ដោយសង្កត់ធ្ងន់ថាអំណាចក្នុងការដាក់បញ្ញត្តិពាណិជ្ជកម្មគឺ ស្ថិតនៅសភា។
យោងតាមការពន្យល់ណែនាំពីក្រុមហ៊ុនឡប់ប៊ីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនរបស់សមាគមTAFTAC នេះគឺជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលនឹងរារាំងការអនុវត្តបន្ថែមទៀតក្នុងការដាក់ពន្ធរបស់លោក ប្រធានាធិបតីត្រាំ។ វាជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលសម្រេចជាឯកច្ឆន្ទដោយចៅក្រមទាំងបី រូប។ ដើម្បីជំទាស់នឹងសេចក្តីសម្រេចនេះ លោកប្រធានាធិបតីអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ បណ្ដឹងឧទ្ធរណ៍ដំបូងនឹងទៅសាលាឧទ្ធរណ៍ ហើយបន្ទាប់មកអាចទៅតុលាការកំពូល។ សម្រាប់ពេលបច្ចុប្បន្ន នេះ សេចក្តីសម្រេចរបស់តុលាការនេះបានបញ្ឈប់ការយកពន្ធបដិការ៕

ប្រភព៖ TAFTAC