រថយន្តប្រណិតៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលល្បីៗ មហាសេដ្ឋី និងតារាល្បីៗមកពីជុំវិញពិភពលោក នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយ ផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ មានការចូលរួមពីរថយន្តប្រណិតៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលល្បីៗ ដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និង តារាល្បីៗប្រមាណ២៥០នាក់មកពីជុំវិញពិភពលោក ដែលនឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងចាកចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើង ក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំនៃដំណើរកម្សាន្តរបស់ក្បួនរថយន្ត Gumball 3000 និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 Rally នឹងមានរៀបចំកម្មវិធី (១) ប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បៈករខ្មែរល្បីៗនៅកម្ពុជា រួមជាមួយតារាល្បីៗលំដាប់ពិភពលោក របស់ Gumball 3000 (២) ព្រឹត្តិការណ៍រៃអង្គាសថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និង (៣) ព្រឹត្តិការណ៍បំបែកឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Records) តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះ ក៏នឹងមានការផ្សព្វផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍បាយ័ន និង ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ជាច្រើនជុំវិញពិភពលោកផងដែរ៕