| |

លោក Donald Trump គ្រោងពិភាក្សាជាមួយលោក Xi Jinping អំពីការលក់អាវុធទៅតៃវ៉ាន់ និងស្នើឲ្យចិនដោះលែង មហាសេដ្ឋី Jimmy Lai ដែលជាប់ពន្ធធនាគារ ២០ឆ្នាំ!


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទថា លោកនឹងលើកយកប្រធានបទស្តីពីការលក់អាវុធទៅកាន់ Taiwan និងករណីរបស់មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ Jimmy Lai ទៅពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងជំនួបនៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក Donald Trump បានឆ្លើយតបទៅនឹងសំណួរអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការការពារជាតិរបស់តៃវ៉ាន់ថា លោកនឹងពិភាក្សាបញ្ហានេះដោយផ្ទាល់ជាមួយលោក Xi។

លោកបានបញ្ជាក់ថា ប្រធានាធិបតីចិនមិនចង់ឱ្យសហរដ្ឋអាមេរិកបន្តលក់អាវុធទៅឱ្យតៃវ៉ាន់នោះទេ ហើយបញ្ហានេះនឹងក្លាយជាប្រធានបទសំខាន់មួយក្នុងចំណោមបញ្ហាជាច្រើនដែលលោកគ្រោងពិភាក្សា។

ប្រទេសចិនអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃដែនអធិបតេយ្យរបស់ខ្លួន ខណៈដែលតៃវ៉ាន់បដិសេធការអះអាងនេះ។ ដោយឡែក សហរដ្ឋអាមេរិកនៅតែបន្តអនុវត្ត “គោលនយោបាយចិនតែមួយ” ដោយទទួលស្គាល់ជំហររបស់ចិន ប៉ុន្តែមិនទទួលស្គាល់អធិបតេយ្យភាពរបស់ចិនលើតៃវ៉ាន់ឡើយ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនៅតែជាដៃគូគាំទ្រសន្តិសុខដ៏សំខាន់បំផុតរបស់តៃវ៉ាន់ និងមានកាតព្វកិច្ចតាមច្បាប់ក្នុងការជួយដល់សមត្ថភាពការពារជាតិរបស់កោះនេះ។

ការលក់អាវុធរបស់អាមេរិកទៅឱ្យតៃវ៉ាន់ គឺជាប្រភពនៃភាពតានតឹងយូរអង្វែងក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ កាលពីខែធ្នូកន្លងទៅ លោក ត្រាំ បានប្រកាសកញ្ចប់លក់អាវុធដ៏ធំបំផុតមួយទៅកាន់តៃវ៉ាន់ ដែលមានតម្លៃលើសពី ១១ ពាន់លានដុល្លារ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់អាមេរិកបានជំរុញឱ្យតៃវ៉ាន់បង្កើនការចំណាយលើវិស័យការពារជាតិ ខណៈមន្ត្រីអាមេរិកម្នាក់ក៏បានបញ្ជាក់ថា ជំនួបកំពូលរវាងលោក Trump និងលោក Xi មិនមានសញ្ញាបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់នោះឡើយ។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានអះអាងថា លោកនឹងលើកយកករណីរបស់លោក Jimmy Lai ទៅពិភាក្សាជាមួយមេដឹកនាំចិនផងដែរ។

គួរបញ្ជាក់ថា លោក Jimmy Lai គឺជាអ្នកសារព័ត៌មាន និងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោមួយរូបនៅហុងកុង ដែលត្រូវបានគេចាត់ទុកថាជាអ្នករិះគន់រដ្ឋាភិបាលចិនយ៉ាងខ្លាំង។ កាលពីខែកុម្ភៈកន្លងទៅ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទឃុបឃិតជាមួយកម្លាំងបរទេស និងបទបោះពុម្ពផ្សាយសម្ភារៈដែលត្រូវបានអាជ្ញាធរចាត់ទុកថាជាការញុះញង់។

ជាមួយគ្នានេះ លោក ត្រាំ បាននិយាយថា “លោកចង់ឃើញលោក Jimmy Lai ត្រូវបានដោះលែង” ហើយបញ្ជាក់ថា លោកធ្លាប់បានលើកយកករណីនេះជាមួយភាគីចិនកាលពីពេលកន្លងមករួចហើយ។

ប្រភព៖ Reuters