កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំក្រោមយន្តការស្តីពីនីតិសមុទ្រ (UNCLOS) នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា នេះ!


ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។

កម្ពុជានឹងតំណាងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង់ រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។

សូមបញ្ជាក់ជូនថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាUNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យពីមុនមករវាងប្រទេសទ័រឡេស្ស និងអូស្រ្តាលី ដែលការផ្សះផ្សារបានឈានដល់ការចុះកិច្ចហត្ថលេខា សន្ធិសញ្ញាបង្កើតព្រំដែនសមុទ្រ រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និង យូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេល ដ៏សំខាន់មួយសម្រាប់សន្តិសុខថាមពលក្នុងតំបន់។

ប្រភព៖ ក្រសួងការបរទេស