| |

នាយក រដ្ឋមន្ត្រី បង់ក្លាដែស លាលែង ពី តំណែង និងភៀសខ្លួនចេញពីប្រទេស ខណៈដែលក្រុមបាតុករនាំគ្នាសម្រុកចូលដល់លំនៅស្ថានរបស់លោកស្រី


នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីដំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីបាតុករជាច្រើននាក់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងសាហាវជាច្រើនសប្តាហ៍កន្លងមកនេះ។

តាមសេចក្តីរាយការណ៍ លោកស្រី Hasina អាយុ៧៦ ឆ្នាំបានភៀសខ្លួនចេញពីប្រទេស និងបានចុះចតនៅប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងរដ្ឋធានី Dhaka ខណៈដែលយោធា និងប៉ូលីសបានវាយប្រហារតបតទៅលើបាតុករដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់នេះ។

យ៉ាងហោចណាស់មនុស្ស ៩១នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករដែលទាមទារឱ្យមានការដកកូតាសម្រាប់ការងាររដ្ឋាភិបាល និងការចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី។

ចំនួនអ្នកស្លាប់កាលពីថ្ងៃអាទិត្យ ដែលរាប់បញ្ចូលទាំងមន្ត្រីប៉ូលិសចំនួន ១៣ នាក់ គឺជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃពីការតវ៉ាណាមួយនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេស។

ភាពចលាចលដែលរីករាលដាល ទៅក្នុងទីក្រុង Rajshahi, Barisal និង Chittagong ក្នុងចំណោមទីក្រុងផ្សេងទៀត បានជំរុញឱ្យរដ្ឋាភិបាលដាក់បម្រាមគោចរទូទាំងប្រទេសមិនកំណត់ កាលពីចុងសប្តាហ៍។ ទន្ទឹមនឹងនេះក្រុមសិទ្ធិ មនុស្សបានចោទអាជ្ញាធរថាបានប្រើកម្លាំងហួសហេតុប្រឆាំងនឹងបាតុករដែលការចោទប្រកាន់រដ្ឋាភិបាល បដិសេធ។

គួរបញ្ជាក់ថាយោធានឹងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយបន្ទាប់ពី ការលាលែងពីតំណែងរបស់ Hasina នេះ បើ យោងតាមប្រមុខកងទ័ពបង់ក្លាដែសដែលបានចេញបញ្ជាក់។

ប្រភព៖ CNN, BBC