តើកម្ពុជាឈរលើចំណាត់ថ្នាក់លេខប៉ុន្មាន ក្នុងបញ្ជីប្រទេសដែលល្អបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំ២០២៣?


ថ្មីៗនេះ យោងតាមទិន្នន័យរបស់ US News បានបង្ហាញពីតារាងចំណាត់ថ្នាក់ប្រទេសដែលល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៣។

លទ្ធផលនេះបានមកពីការបោះឆ្នោតពីសំណាក់ប្រជាជន មកពីជុំវិញពិភពលោក ទៅលើប្រទេសចំនួន ៨៧ ប្រទេស ដោយផ្អែកលើផ្នែកសំខាន់ៗចំនួន ១០ រួមមាន: ការផ្សងព្រេង ភាពរហ័សរហួន ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ អ្នកផ្លាស់ប្តូរ ការបើកចំហសម្រាប់អាជីវកម្ម ថាមពល គុណភាពនៃជីវិត និងគោលបំណងសង្គម។

ក្នុងចំណោមប្រទេសក្នុងបញ្ជីទាំង ៨៧ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦៤ ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាប្រទេសថៃចំណាត់ថ្នាក់លេខ ២៩ ប្រទេស ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៣៨ តាមពីក្រោយដោយប្រទេសឥណ្ឌូណេស៊ីលេខ ៤១ ហ្វីលីពីនលេខ ៤៣ វៀតណាមលេខ ៤៤ និង មីយ៉ាន់ម៉ាលេខ ៨០។

ដោយឡែកសម្រាប់ប្រទេសចំណាត់ថ្នាក់ល្អបំផុតទាំង១០ (Top 10) បានទៅលើ: ចំណាត់ថ្នាក់លេខ១ គឺប្រទេសស្វីស លេខ២ គឺកាណាដា លេខ៣ ស៊ុយអែត លេខ៤ អូស្ត្រាលី លេខ៥ សហរដ្ឋអាមេរិក លេខ៦ ជប៉ុន លេខ៧ អាល្លឺម៉ង់ លេខ៨ នូវែលសេឡង់ លេខ៩ អង់គ្លេស និងលេខ១០ ហូឡង់។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ក្រោយគេ គឺប្រទេសអ៊ីរ៉ង់ បន្ទាប់មកគឺបេឡារុស លីបង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន ស៊ែប៊ី ហុងឌូរ៉ាស មីយ៉ាន់ម៉ា អាល់ហ្សេរី និងកាមេរូនជាប់ចំណាត់ថ្នាក់ទី ៧៨៕

Taiger