|

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន»


នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការថា «ថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កំពុងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនានា ដែលរួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ  ដើម្បីកែទម្រង់បទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធលក្ខខណ្ឌចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត  ដែលច្បាប់វិសោធនកម្មនេះធ្វើឡើងស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា ” បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់”។ បើទោះបីជាខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ។

ឯកឧត្តម បានបន្តថា «ការធ្វើវិសោធនកម្មនាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ។ ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរឈ្មោះជាតំណាងរបស់ខ្លួន។ ជាងនេះទៅទៀត ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕