|

បទវិភាគ: ព្រឹត្តិការណ៍សំខាន់ៗ គួរកត់សម្គាល់ក្នុងស៊ីហ្គេមឆ្នាំ២០២៣


ព្រឹត្តិការណ៍ស៊ីហ្គេម នឹងបិទបញ្ចប់ជាផ្លូវការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោយពេលដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃរួចមក។ 

ដ្បិតថានេះជាលើកទី១របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយ និងសាយភាយយ៉ាងទូលំទូលាយ ដែលទាញទាញសារព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយពីកម្ពុជា លើទិដ្ឋភាពដ៏គួរចាប់អារម្មណ៍ជាច្រើន។ តើចេញពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ មានព្រឹត្តិការណ៍សំខាន់ៗគួរកត់សម្គាល់អ្វីខ្លះ?

1.ស៊ីហ្គេមនៅកម្ពុជាជាព្រឹត្តិការណ៍មិនគិតថ្លៃ: ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា បានសាងប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រវត្តិសាស្ត្រស៊ីហ្គេម។ កម្ពុជា បានខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងការបម្រើនូវគ្រប់តម្រូវការ ទទួលរាប់រងថ្លៃស្នាក់នៅ ម្ហូបអាហារ ជូនដល់អត្តពលិក និងប្រតិភូកីឡាទាំងអស់ រួមទាំងផ្ដល់សិទ្ធផ្សព្វផ្សាយដោយពុំមានគិតថ្លៃ ខណៈដែលពុំធ្លាប់មានប្រទេសជាម្ចាស់ណាធ្លាប់ធ្វើដូច្នេះពីមុនមកនោះទេ។ នេះជាចេតនារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់បង្ហាញពីសណ្ដានចិត្ត និងបេះដូងដ៏ធំទូលាយរបស់កម្ពុជា ដ្បិតយើងជាប្រទេសតូចមួយក៏ដោយ។ ជាមួយគ្នានេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាបានបើកឱ្យទស្សនាដោយពុំមានការលក់សំបុត្រ ឬគិតថវិកាពីអ្នកចូលរួមឡើយ។

2.ចាញ់ប៉ុន្តែឈ្នះ: ជាទូទៅអត្តពលិកដែលទទួលបានជ័យជម្នះតែងទទួលបានការកោតសរសើរ និងការសាទរជាមួយ។ ប៉ុន្តែការបរាជ័យរបស់កីឡាការនីកម្ពុជាមួយរូប បែរជាធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងលេចមុខលើសារព័ត៌មានអន្តរជាតិល្បីៗជាច្រើន។ អត្តពលិកខ្មែរ កីឡាការនី ប៊ូ សំណាង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឆក់បេះដូង ប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភពលោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង ប្រកបដោយភាពអត់ធ្មត់ តស៊ូដល់នាទីចុងក្រោយ ដោយមិនបោះបង់ការប្រកួតទោះបីដឹងថាលទ្ធផលនៅក្រោយគេក៏ដោយ។ ឆន្ទៈជាអ្នកកីឡា របស់កីឡាការនីរូបនេះ បានអង្រួនបេះដូងប្រជាជនកម្ពុជា ទូទាំងប្រទេស រួមទាំងប្រជាជននៅបណ្ដាប្រទេសនានាផងដែរ។ ទោះបីជាចាញ់ក្នុងការប្រកួត តែ ប៊ូ សំណាង ឈ្នះក្នុងចិត្តអ្នកគាំទ្រ។

3.បង្កើតកំណត់ត្រាថ្មី: លទ្ធផលភ្ញាក់ផ្អើលជាច្រើន ដែលបានកើតឡើងសម្រាប់ក្រុមអត្តពលិកកម្ពុជា។ ក្នុងចំណោមកីឡាចំនួន ៣៩ប្រភេទ មានកីឡាចំនួន ៧ ប្រភេទ ដែលកម្ពុជាបានឈ្នះមេដាយមាសជាលើកដំបូងរបស់ខ្លួន គិតចាប់ពីឆ្នាំ១៩៧៩មករួមមាន: កីឡាបាល់បោះ សូហ្វ តិន្នីស គ្រីឃីត ទ្រីយ៉ាត្លុង អត្តពលកម្ម ហែលទឹក និង អេឡិចត្រូនិក។ ដោយឡែក អ្វីដែលមហាជនកោតសរសើរខ្លាំងនោះគឺ កីឡាបាល់បោះ  ដែលកន្លងមកក្រុមកីឡាករបាល់បោះជម្រើសជាតិបុរសកម្ពុជា តែងអស់ឱកាសត្រឹមវគ្គជម្រុះតាមពូល ប៉ុន្តែសម្រាប់ស៊ីហ្គេម លើកទី ៣២ ក្នុងទឹកដីខ្លួនឯង កម្ពុជាអាចមានលទ្ធភាពយកឈ្នះ ក្រុមខ្លាំង ហ្វីលីពីន ដោយ លទ្ធផល កម្ពុជា៣-០ហ្វីលីពីនក្នុងវគ្គសន្សំពិន្ទុ។ ពិសេសជាងនេះ គឺកម្ពុជាអាចបន្តឡើងដល់វគ្គផ្ដាច់ព្រ័ត្រដោយប៉ះជាមួយឥណ្ឌូនេស៊ី ដែលម្ចាស់មេដាយ១១ជំនាន់ ដោយកម្ពុជាយើងទទួលបានមេដាយប្រាក់។

4.លើសពីការរំពឹងទុក: ស្របតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមិនបានដាក់ក្ដីរំពឹងថានឹងអាចឈរនៅចំណាត់ថ្នាក់លេខ៤(មេដាយមាស ៨២ មេដាយប្រាក់ ៧៣ និងមេដាយសំរឹទ្ធ ១២៧)  ក្នុងតារាងមេដាយនោះទេ ខណៈដែលក្នុងការប្រកួតកន្លងមកយើងឈរនៅចំណាត់ថ្នាក់លេខ ៨ ឬលេខ៩ ប៉ុណ្ណោះ។ យ៉ាងណាមិញ ជុំវិញលទ្ធផលជាវិជ្ជមាននេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា ដែលបានបោះជំហានយ៉ាងឆ្ងាយ បង្កើតភាពលេចធ្លោក្នុងក្របខណ្ឌអាស៊ាន។

5.ឈុតឆាកក្រៅសង្វៀន: ស្របពេលដែលគណៈប្រតិភូកីឡា មកពីគ្រប់ប្រទេស សារព័ត៌មានអន្តរជាតិព្រោងព្រាត បានកោតសរសើរ មិងស្ញប់ស្ងែងក្នុងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ទាំងទៅលើការរៀបចំលក្ខណៈបច្ចេកទេស ការចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើមនោះ ក្រឡេកទៅមើលប្រជាជន និងអ្នកលេងបណ្ដាញសង្គមថៃមួយចំនួន បានព្យាយាមឆ្កឹះព័ត៌មានវាយប្រហារមកលើកម្ពុជាជាបន្តបន្ទាប់ លើរឿងដែលមិនសមទំនង ដោយបង្ហាញឥរិយាបថមិនសមរម្យដែលមិនផ្ដល់តម្លៃដល់ម្ចាស់ផ្ទះ។ ចំណែកកីឡាករថៃមួយចំនួន ដែលចូលរួមក្នុងការប្រកួតហាក់មិនពេញចិត្តនឹងលទ្ធផលជាក់ស្ដែងរបស់ខ្លួន ដែលសុទ្ធសឹងជារូបភាពដែលពុំឆ្លុះបញ្ចាំងពីស្មារតីអ្នកកីឡាឡើយ។

6.អាជ្ញាកណ្តាលប្រើកាតក្រហម ច្រើនបំផុតក្នុងប្រវត្តិស៊ីហ្គេម: ក្នុងការប្រកួតកីឡាបាល់ទាត់បុរស ដ៏ជក់ចិត្តរវាងក្រុមកីឡាករថៃ និងឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយ កាលពីថ្ងៃទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបង្កើតការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដោយសារមានការប្រទូសរ៉ាយប្រតាយប្រតប់គ្នាពេញទីលានដល់ទៅ២ដង ក្រោយគ្រាប់បាល់ឥណ្ឌូនេស៊ីនាំមុខ រហូតអាជ្ញាកណ្តាលបានពិន័យកាត ក្រហមចំនួន ៨ ទៅកាន់ កីឡាករ និងក្រុមការងាររបស់ថៃចំនួន៤នាក់ និងក្រុម ឥណ្ឌូនេស៊ី ៤នាក់។ ជាមួយគ្នានេះ កីឡាករថៃ ២នាក់ ទៀត ក៏ត្រូវបានបណ្តេញចេញពីការប្រកួតផងដែរ។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺកីឡាករថៃមួយរូប បានគ្រវែង មេដៃប្រាក់ និងរូបតុក្កតា ដោយតម្រង់ទៅទស្សនិកជន បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥ទល់នឹង២ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក៕