|

សម្ដេចតេជោ ហ៊ុន សែន៖ «ថ្ងៃក្រោយប្រទេសដទៃរៀបចំស៊ីហ្គេមយ៉ាងម៉េចជារឿងរបស់គេ ប៉ុន្តែអ្វីដែលកម្ពុជាធ្វើគឺជាការរួមចំណែកក្នុងសមាហរណកម្មនៃប្រជាជនអាស៊ាន»


សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីមោទកភាព ដែលកម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងល្អ ដោយកីឡាករ កីឡាការនី ប្រតិភូកីឡាមកពីបណ្ដាប្រទេសជាសមាជិក បានមកចូលរួមសប្បាយរីករាយជាមួយគ្នានៅក្រុងភ្នំពេញរបស់យើង។ ទន្ទឹមនឹងនេះ សម្ដេចបានកត់សម្គាល់ពីភាពសុខដុមរមនារបស់ប្រជាជន ប្រជាជនជាច្រើនចាប់ផ្ដើមចាប់អារម្មណ៍លើវិស័យកីឡា និងបានសម្ដែងការគាំទ្រចំពោះកីឡាករ កីឡាករនីរបស់យើង រួមជាមួយនឹងការបង្ហាញពីឥរិយាបថល្អក្នុងការចូលរួមថែរក្សាបរិស្ថានផងដែរ។ អ្វីដែលគួរកោតសរសើរថែមទៀតនោះ មានយុវជនរាប់ពាន់នាក់ ដែលបានស្ម័គ្រចិត្តចូលរួម លះបង់កម្លាំងកាយចិត្តក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើទឹកដីកម្ពុជានាឱកាសនេះ គឺជាការធ្វើឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ ដោយមិនត្រឹមតែក្នុងក្របខណ្ឌអាស៊ានតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បណ្ដាប្រទេសនានាលើពិភពលោកផងដែរ។ សម្ដេចបានមានប្រសាសន៍ថា «ថ្ងៃក្រោយប្រទេសដទៃរៀបចំស៊ីហ្គេមយ៉ាងម៉េចជារឿងរបស់គេ ប៉ុន្តែអ្វីដែលកម្ពុជាធ្វើគឺជាការរួមចំណែកក្នុងសមាហរណកម្មនៃប្រជាជនអាស៊ាន។» ក្នុងន័យនេះ គឺជាការរឹតចំណងមិត្តភាពនៃប្រជាជនអាស៊ានទាំងអស់ ស្របតាមចក្ខុវិស័យអាស៊ានសហគមន៍តែមួយ»។

ក្នុងឱកាសនេះ សម្ដេចក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជាអំណោយពហុកីឡដ្ឋានដ៏ស្រស់ស្អាត រឹងមាំ និងប្រកបដោយសោភណភាព ដែលជាឱកាសឱ្យកម្ពុជាបង្ហាញមុខមាត់ និងភាពអស្ចារ្យក្នុងការបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ។

គួរបញ្ជាក់ថា ប្រសាសន៍នេះត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ៕