កម្ពុជា-ថៃ ឯកភាពបង្កើតក្រុមការងារបច្ចេកទេសពិសេសមួយ ដើម្បីជំរុញដំណើរការកំណត់ព្រំដែនសមុទ្រ
ភ្នំពេញ៖ កម្ពុជា និងថៃ បានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ តាមរយៈការបង្កើតក្រុមការងារបច្ចេកទេសរួម ដែលមានសមាសភាពជាអ្នកជំនាញមកពីភាគីទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេសនានា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
វឌ្ឍនភាពនេះ សម្រេចបានក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដែលមានអ្នកជំនាញតំណាងឱ្យភាគីនីមួយៗ និងសមាជិកគណៈកម្មការ ដើម្បីពិភាក្សាលើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តាមរយៈកិច្ចប្រជុំបច្ចេកទេស ក្រោមការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរក៏បានឈានដល់ការយល់ស្របគ្នាលើគោលការណ៍ និងលក្ខណៈវិនិច្ឆ័យមួយចំនួន ដែលនឹងត្រូវយកមកអនុវត្តក្នុងដំណើរការកំណត់ព្រំដែនសមុទ្រផងដែរ។
ជាមួយគ្នានេះ កម្ពុជា ថៃ និងគណៈកម្មការ ក៏បានឯកភាពគ្នាឱ្យគណៈកម្មការចុះធ្វើទស្សនកិច្ចនៅទីតាំងជាក់ស្ដែង ដោយរួមមានកោះ និងលក្ខណៈភូមិសាស្ត្រនានា ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពភូមិសាស្ត្រ និងបរិបទជាក់ស្ដែងនៃតំបន់ដែលពាក់ព័ន្ធនឹងដំណើរការផ្សះផ្សា។ ភាគីទាំងបីក៏បានពិភាក្សាអំពីនីតិវិធី និងទិដ្ឋភាពជាក់ស្ដែងនានា សម្រាប់ការចុះទស្សនកិច្ចនេះផងដែរ។
លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានសម្ដែងការរីករាយចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី៣នេះ ដោយចាត់ទុកថា ជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សា។ លោកស្រីបញ្ជាក់ថា ការសម្រេចបាននូវការយល់ស្របលើចំណុចបច្ចេកទេស នឹងជួយធានាឱ្យដំណើរការចរចាប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព ខណៈការចុះពិនិត្យទីតាំងជាក់ស្ដែង នឹងផ្ដល់ឱកាសឱ្យគណៈកម្មការយល់ដឹងដោយផ្ទាល់អំពីតំបន់ដែលពាក់ព័ន្ធ។


ចំណែកលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជាភ្នាក់ងារតំណាងកម្ពុជាក្នុងដំណើរការផ្សះផ្សានេះ បានបញ្ជាក់ជាថ្មីថា កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច។ លោកចាត់ទុកវឌ្ឍនភាពដែលសម្រេចបានលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រថា ជាជំហានទៅមុខសម្រាប់ភាគីទាំងពីរ ព្រមទាំងស្វាគមន៍ការចូលរួមរបស់ភាគីថៃ និងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងទំនុកចិត្តឡើងវិញ ដើម្បីសម្រេចបានលទ្ធផលដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។
ទន្ទឹមនឹងនេះ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ថា ថៃនឹងបន្តចូលរួមក្នុងដំណើរការផ្សះផ្សានេះដោយស្មារតីស្ថាបនា និងសង្ឃឹមថានឹងមានវឌ្ឍនភាពជាបន្តបន្ទាប់ទៀតលើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ។
គួរបញ្ជាក់ថា មុនកិច្ចប្រជុំលើកទី៣នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់បានព្រមានថា នឹងបញ្ឈប់ការចរចាផ្សេងទៀត ប្រសិនបើកម្ពុជាបន្តជ្រើសរើសដំណើរការផ្សះផ្សាដោយបង្ខំ។ ទោះជាយ៉ាងណា ភាគីថៃនៅតែបន្តចូលរួមក្នុងកិច្ចប្រជុំលើកទី៣នេះ និងបង្ហាញជំហរបន្តដំណើរការផ្សះផ្សាដោយស្មារតីស្ថាបនា៕
ប្រភព៖ ក្រសួងការបរទេស

















