|

លោកហ៊ុន ម៉ានី៖ ជារឿងត្រឹមត្រូវដែលយុវជនបន្តលើកឡើងពីការអរគុណគណបក្សប្រជាជនកម្ពុជាដែលបានជួយរំដោះពួកគាត់ចេញរបបខ្មែរក្រហម បើទោះបីពួកគាត់មិនបានឆ្លងកាត់ដោយផ្ទាល់ក្នុងសោកនាដកម្មដ៏ឃោរឃៅនោះ


ថ្លែងប្រសាសន៍ក្នុងឱកាសពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចាប់អារម្មណ៍ខ្ពស់ចំពោះពាក្យពេជន៍នៃការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មី ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ «ប្រាកដហើយថាប្អូនៗមិនបានឆ្លងកាត់ផ្ទាល់ដូចឪពុកម្ដាយរបស់ប្អូនៗនោះទេ ប៉ុន្ដែវាជារឿងត្រូវណាស់ ដែលប្អូនៗនៅតែប្រើប្រយោគនៃការតាំងចិត្តនេះ ទោះបីជាពួកយើងខុសគ្នាបីជំនាន់តែពួកយើងឆ្លងកាត់ប្រវត្តិសាស្រ្ដតែមួយ»។ ការលើកឡើងនេះ បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មីដែលឡើងបង្ហាញការតាំង ចិត្តក្នុងការចូលរួមជីវភាពជាមួយគណបក្ស និងការថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជាដែលបានជួយរំដោះពួកគាត់ចេញរបបខ្មែរក្រហមរហូតដល់មានសេរីភាពបច្ចុប្បន្ននេះ។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តម ក៏បានបន្តពន្យល់ទៅកាន់អង្គ សមាជិក សមាជិកាបន្ថែមថាបើទោះបីប្អូនមិនបានឆ្លងកាត់សោកនាដកម្មផ្ទាល់ក៏ដោយ វារឿងត្រឹមត្រូវដែលប្អូនៗនៅតែបន្ដប្រើប្រយោគនេះក្នុងការប្ដេជ្ញាចិត្ត ព្រោះប្អូនៗក៏ទទួលរងឥទិ្ធពលអវិជ្ជមានពីសោកនាដកម្មនោះព្រោះយើងបានឆ្លងកាត់ប្រវត្តិសាស្រ្ដតែមួយ។ ឯកឧត្តមបញ្ជាក់ថា៖ «ប្អូនក៏ជាអ្នករងគ្រោះដែរ ព្រោះឪពុកម្ដាយរបស់ប្អូនបានឆ្លងកាត់សោកនាដកម្មនៃប្រវត្តិសាស្រ្ដរបស់យើង»។ ឯកឧត្តមបានបន្ថែមថា ការបន្តនិយាយអំពីសោកនាដកម្មនៃទំព័រខ្មៅងងឹតក្នុងប្រវត្តិសាស្រ្ដនេះ គឺដើម្បីបញ្ជាក់ប្រាប់ពីការបំភ្លេចមិនបានូវភាពឈឺចាប់របស់ប្រជាជនខ្មែរដែលរងគ្រោះក្នុងរបបនោះ បើទោះបីជាយើងទាំងគ្នាជាយុវជនជំនាន់ក្រោយ បាន និងកំពុងរស់រានក្នុងដំណាក់កាលសុខសន្តិភាពពេញលេញក៏ដោយ។ ជាមួយមូលដ្ឋានប្រវត្តិសាស្ត្រនេះហើយ ដែលយុវជនជាអ្នកជំនាន់ក្រោយគ្រប់ៗរូបត្រូវបន្តប្តេជ្ញាការពារសុខសន្តិភាព ដែលមានបច្ចុប្បន្ន បន្តទៅមុខជានិរត្តន៍ នឹងការពារដាច់ខាតមិនអោយមានការកើតឡើងវិញនូវរបបប្រលៃពូជសាសន៍ក្នុងកម្ពុជាឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍដែលនាំមកនូវការងារធ្វើដល់ក្នុងមូលដ្ឋាន ការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ និងការរីកចំរើនលើគ្រប់វិស័យ ដែលកើតឡើងក្រោមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្ដិភាព និងស្ថេរភាព។

សូមជម្រាបជូនថា នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន ៣៦៤នាក់ ស្រី១៨៥នាក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីគណៈកម្មាធិការបក្សស្រុក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រះនិព្វាន និងសមាជិក សមាជិកា គណបក្សឃុំព្រះនិព្វាន។