គណ:ប្រតិភូឆ្នេរស្អាតបំផុតលើសាកលលោកប្រមាណ១៣០នាក់ មកពីជាង២០ប្រទេស ជួយគ្នាដាំដើមកោងកាងជាង៣០០០ដើមនៅកម្ពុជា


កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គណ:ប្រតិភូឆ្នេរស្អាតបំផុតលើសាកលលោកប្រមាណ១៣០នាក់ មកពីជាង២០ប្រទេស បានរួមគ្នាដាំដើមកោងកាងជាង៣០០០ដើម ដើម្បីចូលរួមចំណែកជាមួយប្រទេសកម្ពុជា ក្នុងការទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

សកម្មភាពដៃការដាំដើមកោងកាងនេះ បានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឫទ្ធី លោក ប្រ៊ុយណូ បូដា សហស្ថាបនិកឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក រួមទាំងគណ:
ប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀបតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរវាងតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយដើមកោងកាងដែលបានដាំនាពេលនេះ ជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ដែលត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិក ជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨៨៥២ហិកតា ក្នុងនោះខេត្តព្រះសីហនុមានផ្ទៃដីព្រៃកោងកាងចំនួន ៩៣៥២ហិកតា មានចំនួន៣៩ប្រភេទ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន។

ប្រភព ក្រសួងទេសចរណ៍