លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាឱកាសបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរ និងការពូនជ្រុំមិត្តភាពរវាងប្រទេសនានា


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសេចក្តីរីករាយ និងមោទនភាពចំពោះការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលជាឱកាសបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសនានា។

តាមរយៈសារបង្ហោះលើបណ្តាញសង្គមផ្លូវការ លោកជំទាវបណ្ឌិតបានលើកឡើងថា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ លោកជំទាវមានសេចក្តីសោមនស្សរីករាយដែលបានចែករំលែកពេលវេលាដ៏មានអត្ថន័យជាមួយភ្ញៀវកិត្តិយស និងលោកជំទាវជាភរិយារបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត តាមរយៈជំនួប ការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីជាច្រើន។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា សកម្មភាពទាំងនេះ មិនត្រឹមតែជាឱកាសបង្ហាញពីមរតកវប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកពង្រឹងការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រទេសនិងប្រទេសផងដែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបង្ហាញមោទនភាពចំពោះស្ត្រី និងយុវតីខ្មែរ ដែលបានចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងតម្លៃនៃវប្បធម៌ជាតិ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា សន្តិភាពមិនត្រឹមតែត្រូវបានកសាងតាមរយៈកិច្ចសន្ទនារវាងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានពូនជ្រំតាមរយៈការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងមិត្តភាពរវាងមនុស្សផងដែរ។

ជាចុងក្រោយ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ក្រុមការងាររៀបចំ និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីទាំងនេះក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃ ព្រមទាំងបង្ហាញក្តីសង្ឃឹមថា ចំណងមិត្តភាពដែលបានបង្កើតឡើងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីរួមគ្នាកសាងសន្តិភាព វិបុលភាពរួមគ្នា និងស្ថិរភាពយូរអង្វែង៕