ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី


ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងធ្វើជាសហប្រធានជាមួយ ឯកឧត្តម មហាម៉ាដ ហាហ្សាន ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី លើកទី៣ ផងដែរ។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ នឹងពិនិត្យឡើងវិញយ៉ាងគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំលើកទី២ និងកិច្ចព្រមព្រៀងនានាដែលប្រទេសទាំងពីរបានឯកភាពកន្លងមក។ កិច្ចប្រជុំនេះ នឹងដាក់ចេញនូវវិធានការជាក់លាក់បន្ថែម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលនឹងជំរុញទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យរវាងកម្ពុជា និងម៉ាឡេស៊ី។

ជាមួយគ្នានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន នាពេលខាងមុខ នឹងរួមចំណែកពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រភព៖ ក្រសួងការបរទេស