កម្ពុជាត្រៀមយក «ស្បៃខ្មែរ» ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ខាងមុខនេះ!
នេះបើយោងតាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា នេះ ដោយភ្ជាប់ជាមួយសារដ៏មានអត្តន័យ និងទិដ្ឋភាពសិក្សាអំពីស្បៃខ្មែរ និងរបៀបប៉ាក់ឌិនស្បៃខ្មែរ ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (The 20th Francophonie Summit) ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។











តាមរយៈសំណេរដោយផ្ទាល់របស់លោកជំទាវបណ្ឌិត បានលើកឡើងថា ស្បៃខ្មែរ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិតលើកឡើងនូវអន្តន័យដ៏ផូផង់របស់ស្បៃខ្មែរថា “ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ”។
ប្រភព៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
















