សហរដ្ឋអាមេរិក និងហ្វីលីពីន បើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ដើម្បីបញ្ជាក់ពីសម្ព័ន្ធភាពរឹងមាំ ចំពេលជម្លោះសកលកំពុងឡើងកម្ដៅ
កងកម្លាំងយោធាសហរដ្ឋអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំមួយដ៏ធំមួយ ដែលបានប្រតិបត្តិការនៅថ្ងៃចន្ទនេះ ដោយមានការចូលរួមពីប្រទេសសម្ព័ន្ធមិត្តជាច្រើន ខណៈពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងឡើងកម្ដៅ។



សមយុទ្ធដែលមានឈ្មោះថា “Balikatan” មានរយៈពេល ១៩ ថ្ងៃ និងមានកងទ័ពទាហានអាកាស និងនាវិករួមគ្នាប្រហែលជាង ១៧,០០០នាក់ចូលរួម។ ក្រៅពីសហរដ្ឋអាមេរិក និងហ្វីលីពីន ក៏មានកងកម្លាំងមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ហើយក្នុងឆ្នាំនេះ កងកម្លាំងជប៉ុនក៏បានចូលរួមផងដែរ។
គួរបញ្ជាក់ដែរថា សមយុទ្ធនេះរួមមានការធ្វើលំហាត់បាញ់គ្រាប់ពិត នៅតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ដែលស្ថិតនៅជិតច្រកសមុទ្រតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ។
តាមការបញ្ជាក់របស់មន្ត្រីយោធា ការហ្វឹកហាត់នឹងរួមមានការប្រើប្រាស់អាវុធទំនើប ប្រព័ន្ធមីស៊ីល ការប្រឆាំងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នា។ កងកម្លាំងជប៉ុនក៏នឹងធ្វើការបាញ់សាកល្បងមីស៊ីលប្រភេទ Type 88 ក្នុងសកម្មភាពហ្វឹកហាត់មួយផងដែរ។
មន្ត្រីយោធាសហរដ្ឋអាមេរិកបានលើកឡើងថា សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពសហប្រតិបត្តិការរវាងកងទ័ពសម្ព័ន្ធមិត្ត និងបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដោយឡែក ការជំរុញសមយុទ្ធនេះស្របពេលដែលភាពតានតឹងរវាងប្រទេសធំៗ និងបញ្ហាសន្តិសុខក្នុងតំបន់កំពុងកើនឡើង ជាពិសេសជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលបណ្តាលឲ្យប្រទេសហ្វីលីពីនពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយសម្ព័ន្ធមិត្តធំៗផ្សេងទៀត។
យោងតាមមន្ត្រីហ្វីលីពីន សមយុទ្ធ Balikatan នេះជាផ្នែកសំខាន់មួយនៃការពង្រឹងសន្តិសុខជាតិ និងការត្រៀមខ្លួនឆ្លើយតបចំពោះវិបត្តិសន្តិសុខក្នុងតំបន់។ យ៉ាងណាមិញ សមយុទ្ធនេះ នឹងបន្តរហូតដល់មានរយៈពេលកំណត់ណាមួយ ហើយនឹងមានសកម្មភាពជាក់ស្ដែងដូចជា ហ្វឹកហាត់នៅលើដី គោក សមុទ្រ និងអាកាសជាដើម។
ប្រភព៖ CNA















