សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្រ្ត ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីទាំងមូល
ភ្នំពេញ៖ នេះជាការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនាឱកាសអញ្ជើជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ថា មិនថាកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ាននោះទេ យើងចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្តិសាស្រ្ត ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីទាំងមូល ព្រមទាំងសិទ្ធិស្វ័យសម្រេចលើការទាមទារការអភិវឌ្ឍដែលសមស្របតាមបរិបទប្រវត្តិសាស្រ្ត និងវប្បធម៌របស់សង្គមជាតិនីមួយៗ។







ថ្លែងក្នុងឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា តំបន់អាសុីអាគ្នេយ៍បានឆ្លងកាត់នូវប្រវត្តិសាស្រ្តដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២ ហើយសង្គមបច្ចុប្បន្នរបស់យើងត្រូវបានកសាងឡើងពីសមិទ្ធផលដែលកើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបទាំងនៅក្នុងសមរភូមិមុខ និងសមរភូមិក្រោយ។ ដោយឡែកសម្រាប់កម្ពុជា ដែលបានឆ្លងកាត់នូវសង្គ្រាមយូរជាងគេបំផុតក្នុងតំបន់អាសុីអាគ្មេយ៍ យើងពិតជាយល់ច្បាស់អំពីគុណតម្លៃនៃសន្តិភាព ការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់វីរជនទាំងអស់ នៅក្នុងការចូលរួមកសាង និងការពារជាតិទាំងមូល។
ជាមួយគ្នានេះ សម្ដេចបានរំលេចថា សម្រាប់កម្ពុជា សន្តិភាពនិងការបង្រួបបង្រួមជាតិពេញលេញដែលទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការណ៍នេះ សម្ដេចបានសង្កត់ធ្ងន់ថា អតីតយុទ្ធជន និងនិវត្តជន គឺជាប្រតិបត្តិករផ្ទាល់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះនេះ ដោយវីរជន រួមទាំងបងប្អូនប្រជាពលរដ្ឋបានបើកបេះដូង ទទួលយកការបង្រួបបង្រួមជាតិ និងស្មារតីឈ្នះគ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ឡើយ។
យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជា ការបង្កើតពាក្យស្លោក “អរគុណសន្តិភាព” គឺជាការជំរុញស្មារតីជាតិឱ្យស្រលាញ់ យល់ដឹង និងចូលរួមការពារតម្លៃនៃសន្តិភាព ហើយពាក្យពេជ្រនេះ ក៏បានរួមបញ្ចូលនូវអត្តន័យសម្ដែងការដឹងគុណ និងកត្តញ្ញុតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបានចូលរួមក្នុងស្នាដៃដ៏មហស្ចារ្យ ដើម្បីកសាងសន្តិភាពដ៏រឹងមាំមួយសម្រាប់កម្ពុជា ដែលគេធ្លាប់តែស្គាល់ថា ជាប្រទេសដែលទទួលរងនូវសោដនាធកម្មគួរឱ្យសង្វេកពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត។
ទន្ទឹមនឹងនេះ សម្ដេចបានគូសបញ្ជាក់ថា ដោយសារតែសន្តិភាព ទើបកម្ពុជាអាចស្ដារកិត្តិយសរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ ថែមទាំងមានទំនុកចិត្តនៅក្នុងការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះផងដែរ។ ដោយឡែក កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឱ្យជឿបើប្រៀបធៀបទៅនឹងអ្វីដែលដែលអតីយុទ្ធជន និងនិវត្តជនបរទេសធ្លាប់បានឃើញនិងជួបប្រទះ ក្នុងអំឡុងពេលធ្វើដំណើរមកកម្ពុជាកាលពីអតីតកាល។ សម្ដេចបានបន្តថា គុណតម្លៃសន្តិភាព និងកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ កម្ពុជាអាចមានលទ្ធភាពកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្ព័ន្ធស្ថាប័នជាតិជាច្រើន បូករួមទាំងស្ថាប័នទទួលបន្ទុកវិស័យគាំពារសង្គម ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការពង្រឹងភាពធនសង្គមនាវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវរបាយសេដ្ឋកិច្ចប្រកបដោយសមធម៌។















