សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទូទាត់សងប្រាក់ឌីជីថលបានកើនឡើងប្រហែលនឹង ១៦ដងនៃ GDP


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។

សម្តេចធិបតីបានថ្លែងថា ជាក់ស្ដែងការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹង ជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ផងដែរ៕

ប្រភព៖ Samdech Hun Sen