អាជ្ញាធរមីន ព្រមានពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងពេល និងក្រោយពេលទឹកជំនន់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត


ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ រួមមាន មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi)T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen)T2611 ដែលអាចធ្វើឱ្យរាជធានី ខេត្តមួយចំនួនរង ឥទ្ធិពលទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់។

អាជ្ញាធរមីនបានឱ្យដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនអាចត្រូវបានទឹកហូរ និងការហូរច្រោះដីនាំមកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ អាជ្ញាធរមីនបានណែនាំឱ្យគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ប្រតិបត្តិករអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភណ្ឌគ្រឿងផ្ទុះគ្រប់ប្រភេទ។ ជាមួយគ្នានេះ ត្រូវណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករ បោសសម្អាតមីនដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះ។

អាជ្ញាធរមីន ក៏បានបញ្ជាក់ឱ្យគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ប្រតិបត្តិករអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងអស់ គម្ប្បីដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាចហូរ តាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬ ឆ្លងកាត់។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញវត្ថុសង្ស័យដែលសម្គាល់ថាជា គ្រាប់មីនប្រឆាំងមនុស្ស មីនប្រឆាំង យានយន្ត គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ។ អាជ្ញាធរមីនបានបញ្ជាក់មិនឱ្យមានការរើសកាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះឡើយ ព្រោះវាបណ្តាលឱ្យរបួស ពិការ ស្លាប់ បានគ្រប់ពេល។

ប្រភព៖ អាជ្ញាធរមីន