អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះ MoU អនុវត្តគម្រោងបោសសម្អាតមីននៅខេត្តពោធិ៍សាត់


ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា “ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា មានប្រវត្តិយូរអង្វែង” និងត្រូវបានបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងនោះរួម ទាំង វិស័យសកម្មភាពមីនមនុស្សធម៌ ដើម្បីប្រែក្លាយដីដែលធ្លាប់មានគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានបន្តឈរជាមួយកម្ពុជា ដោយគាំទ្រវិស័យសកម្មភាពមីនជាបន្តបន្ទាប់ ចាប់ពីគម្រោងបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង បន្តទៅស្រុកមណ្ឌលសីមា និងពេលនេះនៅខេត្តពោធិ៍សាត់ ដែលការគាំទ្រនេះបានរួមចំណែកស្តារដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពន្លឿនការអភិវឌ្ឍសហគមន៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការគាំទ្ររបស់ឥណ្ឌា មិនត្រឹមតែរួមចំណែកបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយស្តារក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារមីន តាមរយៈគំនិតផ្តួចផ្តើម India for Humanity ដែលបានផ្តល់ជើងសិប្បនិម្មិតដល់ពលរដ្ឋកម្ពុជាចំនួន ៦៥០នាក់។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ក្រីបានបញ្ជាក់ថា អនុវត្តគម្រោងនេះគឹ ស្របតាមការយកចិត្តទុកដាក់ និងចក្ខុវិស័យរបស់ សម្តេច ធិបតី នាយករដ្ឋមន្រ្តី ដែលបានកំណត់វិស័យសកម្មភាពមីនជាអាទិភាពមនុស្សធម៌ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការ អភិវឌ្ឍជាតិ។

ប្រភព៖ អាជ្ញាធរមីន