កម្ពុជា ត្រៀមបើកគម្រោងវិនិយោគថ្មីចំនួន៦ លើវិស័យសំខាន់ៗ ដែលអាចបង្កើតឱកាសការងារជាង ១.០០០កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានជាង ១.០០០កន្លែង។






កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍ គម្រោងវិនិយោគទាំង ៦នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ ព្រមទាំងរោងចក្រកែច្នៃ។ ចំណែក វិស័យឧស្សាហកម្ម មាន ១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ ដែលអាចចូលរួមបង្កើនសកម្មភាពផលិតកម្ម និងការកែច្នៃក្នុងស្រុក។
សម្រាប់ វិស័យទេសចរណ៍ មាន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ ដែលមានសក្តានុពលក្នុងការភ្ជាប់សកម្មភាពទេសចរណ៍ជាមួយផលិតផលសិប្បកម្ម និងការបង្កើតឱកាសចំណូលនៅមូលដ្ឋាន។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ មានចំនួន ២គម្រោង រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២៧មេហ្គាវ៉ាត់។
ជាពិសេស គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ២ ដែលមានអានុភាពសរុប ១២៧មេហ្គាវ៉ាត់ អាចចូលរួមបន្ថែមប្រភពថាមពលកកើតឡើងវិញ និងគាំទ្រដល់តម្រូវការថាមពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា៕
ប្រភព៖ គណៈកម្មធិការវិនិយោគកម្ពុជា















