ព្យុះកំណាចទីហ្វុង Dujuan វាយប្រហារប្រទេសជប៉ុន បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងជិត ២ លាននាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញ!


តូក្យូ៖ ព្យុះទីហ្វុង Dujuan បានវាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ភ្លាមៗអាជ្ញាធរបានព្រមានពី «ការគំរាមកំហែងដល់អាយុជីវិត» និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រមាណ ១.៩លាននាក់ ជម្លៀសខ្លួន ឬផ្លាស់ទីទៅកាន់ទីជម្រកសុវត្ថិភាព។

យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និង ៦នាក់ទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Dujuan បានវាយប្រហារទីក្រុងតូក្យូ និងខេត្តជុំវិញប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។ ព្យុះនេះបានបង្កឱ្យមនុស្សប្រមាណ ៥០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ និងបណ្តាលឱ្យជើងហោះហើររាប់រយត្រូវបានផ្អាក។

យ៉ាងណាមិញ អ្នកស្លាប់ត្រូវបានរាយការណ៍ថា បណ្តាលមកពីហេតុការណ៍គ្រោះបាក់ដីនៅខេត្ត Kanagawa និង Chiba ដោយសារភ្លៀងធ្លាក់ខ្លាំង។ ក្នុងចំណោមនោះ មានស្ត្រីម្នាក់អាយុជាង ៦០ឆ្នាំ ត្រូវបានគេគេរកឃើញជាប់នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីកម្ទេចយ៉ាងក្រាស់បានហូរគ្របដណ្តប់លើផ្ទះ។ ក្រុមសង្គ្រោះបានស្វែងរកស្ត្រីរូបនោះនៅក្នុងផ្ទះ ប៉ុន្តែជាអកុសលស្រ្តីនោះបានស្លាប់ហើយ។

គួរឱ្យដឹងថា ព្យុះ Dujuan មានល្បឿនខ្យល់បក់ជាប់ប្រមាណ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់កន្ត្រាក់ដល់ ១៩៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះក៏បានបង្ខំឱ្យមានការលុបចោលព្រឹត្តិការណ៍ធំៗមួយចំនួន ដែលប្រទេសជប៉ុនកំពុងស្ថិតក្នុងអំឡុងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ។

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានចូលរួមរំលែកទុក្ខចំពោះគ្រួសារអ្នកស្លាប់ និងបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធត្រៀមខ្លួន ក្នុងការដោះស្រាយស្ថានការណ៍នេះដោយប្រុងប្រយ័ត្នខ្ពស់។ ទោះជាយ៉ាងណា លោកស្រីក៏បានបន្តដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកតាមកាលវិភាគ ដើម្បីចូលរួមថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងជួបជាមួយប្រធានាធិបតីអាមេរិក Donald Trumpផងដែរ។

អ្នកជំនាញបានលើកឡើងថា ការកើនឡើងសីតុណ្ហភាពសកលអាចធ្វើឱ្យព្យុះទីហ្វុង មានភាពខ្លាំងជាងមុនជាមធ្យម ដោយសារទឹកសមុទ្រក្តៅអាចផ្តល់ថាមពលកាន់តែច្រើនដល់ព្យុះ និងបរិយាកាសក្តៅអាចផ្ទុកសំណើមបានច្រើន ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន។

គួរបញ្ជាក់ថាព្យុះ Dujuan បានកើតឡើងក្លាយជាព្យុះលើកទី២៥របស់ជប៉ុនក្នុងឆ្នាំនេះ និងកំពុងបន្តផ្លាស់ទីតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅភាគខាងជើង។ អាជ្ញាធរនៅ បានបន្តវាយតម្លៃទំហំនៃការខូចខាត ខណៈព័ត៌មានលម្អិតអំពីផលប៉ះពាល់ទាំងមូលអាចត្រូវការពេលវេលាបន្ថែមដើម្បីបញ្ជាក់។

ប្រភព៖ BBC