រថភ្លើងល្បឿនលឿនបុកកម្មករ ៤នាក់ស្លាប់ យ៉ាងរន្ធត់ នៅស្ថានីយប្រទេសជប៉ុន
ជប៉ុន៖ កម្មករ ៤នាក់ បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីត្រូវរថភ្លើងល្បឿនលឿនមួយគ្រឿងបើកបុក ខណៈពួកគេកំពុងបំពេញការងារនៅលើផ្លូវដែក ក្នុងខេត្តតូឈីហ្គី ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។


យោងតាមមន្ត្រីអាជ្ញាធរ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅស្ថានីយរថភ្លើង ស៊ិន-កានូម៉ា (Shin-Kanuma Station) ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ លើខ្សែរថភ្លើង ថូប៊ូ និកកូ (Tobu Nikko Line)។ ទន្ទឹមនោះ កម្មករទាំង ៤នាក់ ដែលកំពុងធ្វើការបាញ់ថ្នាំ និងជម្រះស្មៅនៅតាមបណ្តោយផ្លូវដែក ភ្លាមៗនៅពេលរថភ្លើងមួយគ្រឿងបានបើកចូលស្ថានីយ គ្រោះថ្នាក់ដ៏រន្ធត់ក៏បានកើតឡើង ដោយរថភ្លើងនោះបានបុកពួកគេ ខណៈ រថភ្លើងបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ។ យ៉ាងណាមិញ អ្នកដំណើរប្រមាណ ៥០នាក់ ដែលស្ថិតនៅលើរថភ្លើងនោះ មិនមាននរណាម្នាក់រងរបួសឡើយ។


ជាមួយគ្នានោះ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ និងកាលៈទេសៈជាក់លាក់ដែលនាំឱ្យកើតមានគ្រោះថ្នាក់ដ៏សោកសៅនេះ។
ប្រភព៖ ABC











