កម្ពុជា តវ៉ាដាច់ខាតចំពោះការឈ្លានពានថៃ ដែលបន្តប្រើប្រាស់ សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់


រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។

ការតវាយ៉ាងដាច់ខាតនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អម ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ សកម្មភាពនេះ កម្ពុជាចាតិទុកថា ជាករណីមួយទៀតដែលប្រទេសថៃបន្តប្រើប្រាស់ សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពនេះ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ជាងនេះទៅទៀត សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋា- ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ (វិធានការកាត់ បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រភព៖ ក្រសួងការបរទេស