កម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «បរិវត្តកម្មឌីជីថល និងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច» ក្នុងវេទិកាសាធារណៈរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំឆ្នាំ២០២៦


នាថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)» ក្នុងឱកាសវេទិកាសាធារណៈរបស់ WTO ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមមូលបទ «Powering the Future» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ WTO។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោក គង់ សុខហេង ប្រធាននាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តម សួន ប្រសិទ្ធ ឯកអគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ WTO និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកស្រី Johanna HILL អគ្គនាយិការង WTO ឯកឧត្តម Kumar IYER ឯកអគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ចក្រភពអង់គ្លេសប្រចាំ WTO អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងលោកស្រី Alice TIPPING នាយិកាផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IISD)។

ទន្ទឹមនេះកិច្ចពិភាក្សា បានផ្តោតសំខាន់លើតួនាទីរបស់ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មសេវាកម្ម ក្នុងការគាំទ្រក្រុមប្រទេស LDCs ឱ្យមានលទ្ធភាពធ្វើពិពិធកម្មការនាំចេញ បង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ទាំងក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ LDC។ ផ្អែកលើបទពិសោធរបស់កម្ពុជា វាគ្មិនបានគូសបញ្ជាក់ពីកាលានុវត្តភាពដែលពាណិជ្ជកម្មឌីជីថលអាចផ្តល់ជូនដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) សហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង។

ជាមួយគ្នានេះ វាគ្មិនក៏បានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗ រួមមាន៖ គម្លាតហេដ្ឋារចនាសម្ព័ន្ធ កង្វះជំនាញ របាំងផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងការថយចុះជាបន្តបន្ទាប់នៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មក្រោយការចាកចេញពីចំណាត់ថ្នាក់ LDC។ បន្ថែមលើនេះ វាគ្មិនបានគូសបញ្ជាក់ពីតួនាទីសំខាន់នៃគំនិតផ្តួចផ្តើមនានារបស់ WTO កម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងការគាំទ្រក្រុមប្រទេស LDC ដែលកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC ដើម្បីពង្រឹងភាពត្រៀមខ្លួនផ្នែកឌីជីថល ធ្វើកំណែទម្រង់ពាក់ព័ន្ធនឹងវិស័យសេវាកម្ម កសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន និងបន្តចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម