រូបចម្លាក់បែបចំអក លោក Donald Trump ឈរនៅក្នុងធុងសំរាម «The Trash Talker» ត្រូវបានដាក់តាំង ជុំវិញការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ទៅប្រទេសអៀរឡង់


អៀរឡង់៖ រូបចម្លាក់បែបចំអកមួយ ដែលបង្ហាញពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងឈរនៅក្នុងធុងសំរាម ត្រូវបានដាក់តាំងជាសាធារណៈនៅប្រទេសអៀរឡង់។ ទិដ្ឋភាពនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោក ខណៈព្រឹត្តការណ៍នេះ ហាក់ដូចជាកំពុងចំអក និងប្រឆាំងយ៉ាងខ្លាំងចំពោះ គម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Donald Trump ទៅកាន់ប្រទេសនេះនៅខែក្រោយ។

រូបចម្លាក់នេះ មានឈ្មោះថា «The Trash Talker» រចនាឡើងដោយវិចិត្រករមកពីខេត្ត Wexford ឈ្មោះ TinKicker ហើយរូបនេះ ត្រូវបានដាក់បញ្ឈរជាសាធារណៈ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍សិល្បៈតាមដងផ្លូវ Can-al Fest នៅតំបន់ St Mullins ខេត្ត Carlow។

រូបចម្លាក់ដែលមានកម្ពស់ខ្ពស់នេះ ត្រូវបានបង្កើតឡើង ក្នុងបរិបទនៃការតវ៉ាប្រឆាំងចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់ លោក Trump ទៅកាន់ប្រទេសអៀរឡង់។ រូបនេះ មិនត្រឹមតែបង្ហាញពីការចំអកទេ ប៉ុន្តែក៏រំលេចពីកាយវិការលើកកណ្ដាប់ដៃឡើងលើ ដែលស្រដៀងនឹងរូបភាពដ៏ល្បីរបស់លោក ក្រោយរងការប៉ុនប៉ងធ្វើឃាតអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

នៅជុំវិញរូបចម្លាក់ ក៏មានថង់សំរាមជាច្រើន បានដាក់រាយប៉ាយ ខណៈនៅខាងក្រោយមានទង់ជាតិសហរដ្ឋអាមេរិកទំហំធំមួយ ដែលត្រូវបានរចនាឡើងខុសពីទង់ជាតិធម្មតា ដោយផ្កាយចំនួន ៥០ ត្រូវបានជំនួសដោយនិមិត្តសញ្ញាផ្សេង។

គួរបញ្ជាក់ផងដែរថា លោក Trump គ្រោងធ្វើដំណើរទៅប្រទេសអៀរឡង់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយតាមការរាយការណ៍ លោកអាចនឹងមានអ្នករួមដំណើរជាមួយប្រមាណ ១ ០០០នាក់។ ដំណើរទស្សនកិច្ចនេះ លោក Trump នឹងត្រូវធ្វើដំណើរទៅកាន់ខេត្ត Clare ដើម្បីចូលរួមទស្សនាការប្រកួតកីឡាវាយកូនហ្គោល Irish Open នៅទីលានវាយកូនហ្គោលរបស់លោកនៅ Doonbegទៀតផង។

ប្រភព៖ Irish Daily Mirror