ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចមប្រសិទ្ធ៖ក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង៥០០ឆ្នាំមិនមានមេដឹកនាំណាស្មើនឹងសម្ដេចតេជោឡើយ!
ថ្លែងក្នុងវេទិកាបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីគំរូវីរភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរកសាង បង្រួបបង្រួម និងអភិវឌ្ឍប្រទេសជាតិ។


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង ៥០០ឆ្នាំ មិនមានមេដឹកនាំណាស្មើនឹងសម្ដេចតេជោឡើយ។ ការវាយតម្លៃនេះ ផ្អែកលើដំណើរដឹកនាំ និងសមិទ្ធផលដែលសម្រេចបានក្នុងការនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏លំបាក ការបង្រួបបង្រួមជាតិ ការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយត្រឹមត្រូវ ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំ និងការរក្សាជំនឿទុកចិត្តពីប្រជាជន។ ឯកឧត្តមបានលើកឡើងថា ការកាន់តំណែងបានត្រឹមត្រូវ គឺដោយសារមានគោលនយោបាយត្រឹមត្រូវ ហើយប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវទេ គណបក្សក៏មិនអាចឈរជើងបានដែរ។
ឯកឧត្តម បានផ្ដាំផ្ញើដល់សមាជិក សមាជិកាបក្សថា យើងមានភ័ព្វសំណាងដែលបានរស់នៅក្នុងដំណាក់កាលដែលគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស និងមានឱកាសក្លាយជាសមាជិករបស់គណបក្ស។ ប៉ុន្តែភ័ព្វសំណាងនេះ ក៏ភ្ជាប់មកជាមួយនូវតួនាទី និងការទទួលខុសត្រូវក្នុងការចូលរួមថែរក្សា និងបន្តសមិទ្ធផលដែលអ្នកជំនាន់មុនបានខិតខំកសាង។
ក្នុងន័យនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំបក្ស ដែលបានខិតខំដឹកនាំ បន្តរក្សាសមិទ្ធផល និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ព្រមទាំងបានលើកទឹកចិត្តដល់យុវជនបក្សជំនាន់ក្រោយ ឱ្យបន្តរៀនសូត្រពីគំរូវីរភាព បទពិសោធន៍ និងគោលការណ៍ដឹកនាំរបស់អ្នកជំនាន់មុន ដើម្បីបន្តរួមចំណែកក្នុងបុព្វហេតុរបស់គណបក្ស ជាតិ និងប្រជាជន៕











