ករណីកាត់តសំឡេង បំភ័នព័ត៌មានថា សមត្ថកិច្ចបាន «ធ្វើស៊ីអ្នករត់ PassApp» ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាឱ្យម្ចាស់ផេកចូលខ្លួនបំភ្លឺជាបន្ទាន់


កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញមុខបំភ្លឺ ពាក់ព័ន្ធករណីបណ្តាញសង្គមយករូបភាពកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ ទៅបញ្ចូលសំឡេង ថា សមត្ថកិច្ចធ្វើស៊ីអ្នករត់ PassApp ហើយដាក់គ្រឿងញៀនក្នុងអាវ គឺជាការប្រឌិតទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងមានសមត្ថកិច្ច។ ទន្ទឹមនេះ ស្នងការដ្ឋាននគរបាល បានបញ្ជាក់ឱ្យម្ចាស់ផេកដែលកាត់ត បញ្ចូលសំឡេង មិនពិតខាងលើ ធ្វើឱ្យបង្កការយល់ច្រឡំ ត្រូវចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបន្ទាន់។

សូមបញ្ជាក់ជូនថា ថ្មីៗនេះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសង្កេតឃើញមានផេកហ្វេសប៊ុកមួយចំនួន បានយកវីដេអូ សមត្ថកិច្ចបង្រ្កាបបទល្មើស ហើយបញ្ចូលសំឡេងនិយាយថា សមត្ថកិច្ចបានធ្វើស៊ីអ្នករត់ PassApp។ ភ្លាមៗក្រោយទទួលបានព័ត៌មានពីថ្នាក់លើ ក្រោមការអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវបានឱ្យដឹងថា ករណីនេះ មានការប្រើហិង្សាដោយចេតនា, អំពើលួច(ទូរស័ព្ទដៃ) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ករណីនេះបានកើតឡើង កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៤:០៧នាទី នៅចំណុចខាងក្រោយរង្វង់មូលលោកតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជុំវិញករណីនេះ កម្លាំងនគរបាលបានឱ្យដឹងបន្ថែមថា ជនរងគ្រោះមាន ឈ្មោះ មិត្ត សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូន។ ខណៈជនសង្ស័យមានចំនួន ២ នាក់ ម្នាក់ឈ្មោះ វ៉ន សារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងសំណង់ (ឃាត់ខ្លួន) និងម្នាក់ទៀត ឈ្មោះ ខៃ ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

ក្នុងប្រតិបត្តិការស្រាវជ្រាវនេះ កងកម្លាំងនគរបាល បានបញ្ជាក់ថា ជនរងគ្រោះ បានរងរបួសបែកចុងចិញ្ចើមខាងឆ្វេងចំនួន ១កន្លែង និងបានបាត់ទូរស័ព្ទដៃម៉ាក OPPO A6 ពណ៌ទឹកមាសមួយគ្រឿង ប៉ុន្តែវត្ថុតាងនេះ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត និងយកបានមកវិញ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល