ករណីប្រើហិង្សាច្រឡំ៖ ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញម្ចាស់រថយន្តរងគ្រោះមកដាក់ពាក្យបណ្ដឹង ខណៈអ្នកប្រើហិង្សាត្រូវបានឃាត់ខ្លួនហើយ!
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជនរងគ្រោះ ដែលជាម្ចាស់រថយន្ត មកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញ ដើម្បីបន្តនីតិវិធីតាមច្បាប់ ខណៈអ្នកប្រើហិង្សាក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។



ការបញ្ជាក់នេះធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែករំលែកករណីគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាមួយនៅលើបណ្ដាញសង្គម។ ភ្លាមៗក្រោយទទួលបានព័ត៌មាន ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ឱ្យលោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ ធ្វើការស្រាវជ្រាវជាបន្ទាន់។
តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ករណីនេះត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ។ លោកក៏បានអញ្ជើញជនរងគ្រោះ ដែលជាម្ចាស់រថយន្ត មកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អ្នកដែលប្រើហិង្សាត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់ខ្លួនបានហើយ និងនឹងត្រូវប្រគល់ទៅផែននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ជុំវិញករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានរំលឹកថា «គ្រួសារមានវិន័យ ប្រទេសមានច្បាប់» ដោយមិនត្រូវប្រើអារម្មណ៍មកដោះស្រាយបញ្ហានោះទេ។ លោកបានអំពាវនាវឱ្យគ្រប់គ្នាចូលរួមគោរពច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ












