សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ប្រាប់ឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការបញ្ជូនជនជាតិ Karen ចំនួន ២៦នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ


ហ្សាការតា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights – APHR) បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ជាបន្ទាន់ការបញ្ជូនអ្នកភូមិជនជាតិ Karen ចំនួន ២៦នាក់ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ា និងដោះលែងពួកគេចេញពីមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ ដោយព្រមានថា ការបញ្ជូនពួកគេត្រឡប់ទៅវិញដោយបង្ខំ អាចធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ការឃុំខ្លួននេះកើតឡើង បន្ទាប់ពីកងទ័ព មន្ត្រីព្រៃឈើ និងមន្ត្រីស្រុកថៃ បានរួមគ្នាចុះប្រតិបត្តិការកាលពីថ្ងៃទី១០ ខែសីហា នៅភូមិ Ban Pa Deng ក្នុងឧទ្យានជាតិ Kaeng Krachan ខេត្ត Phetchaburi ដោយផ្តោតលើប្រជាពលរដ្ឋដែលគ្មានឯកសារបញ្ជាក់សញ្ជាតិថៃ។

ដំបូង អ្នកភូមិចំនួន ២៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានកុមារ ៨នាក់ និងស្ត្រីមានផ្ទៃពោះ ២នាក់។ ក្រោយមក មនុស្ស ២នាក់ត្រូវបានដោះលែង បន្ទាប់ពីអាជ្ញាធរផ្ទៀងផ្ទាត់ឃើញកំណត់ត្រាចុះបញ្ជីរបស់ពួកគេ។ ចំណែកអ្នកនៅសល់ ២៦នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ Suan Phlu ក្នុងទីក្រុងបាងកក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងត្រៀមបញ្ជូនចេញពីប្រទេស។APHR ក៏បានឱ្យដឹងថា យ៉ាងហោចណាស់អ្នកភូមិ ១០នាក់ ដែលត្រូវបានបញ្ជូនចេញពីភូមិ Ban Pa Deng កាលពីប្រមាណ ២ខែមុន នៅមិនទាន់ដឹងពីស្ថានភាព ឬទីកន្លែងរបស់ពួកគេនៅឡើយ។

APHR បានគាំទ្រការព្រមានរបស់អង្គការ Human Rights Watch ថា ការបញ្ជូនអ្នកភូមិទាំងនេះទៅមីយ៉ាន់ម៉ា អាចរំលោភលើគោលការណ៍ «មិនបញ្ជូនត្រឡប់ទៅកន្លែងដែលប្រឈមគ្រោះថ្នាក់» (non-refoulement) ក្រោមច្បាប់អន្តរជាតិទម្លាប់ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើទារុណកម្ម និងច្បាប់របស់ថៃស្តីពីការបង្ការ និងបង្ក្រាបអំពើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ។

លោកស្រី Mercy Chriesty Barends ប្រធាន APHR និងជាសមាជិកសភាឥណ្ឌូណេស៊ី បានលើកឡើងថា៖ «ពួកគេទាំង ២៦នាក់ ក្នុងនោះមានទាំងកុមារ និងស្ត្រីមានផ្ទៃពោះ ធ្លាប់បាត់បង់អ្វីៗគ្រប់យ៉ាងម្តងរួចមកហើយ។ ការបញ្ជូនពួកគេត្រឡប់ទៅវិញ គឺជាការសម្រេចចិត្តដែលអាចធ្វើឱ្យបាត់បង់ជីវិត»។

លោក Kasit Piromya សមាជិកក្រុមប្រឹក្សាភិបាល APHR និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ បានរិះគន់ថា ថៃមិនអាចម្ខាងទទួលស្វាគមន៍មេដឹកនាំយោធាមីយ៉ាន់ម៉ា ហើយម្ខាងទៀតបញ្ជូនជនរងគ្រោះត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់របបយោធានោះបានទេ។

APHR បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការបញ្ជូនអ្នកភូមិ Karen ទាំង ២៦នាក់ជាបន្ទាន់ និងដោះលែងពួកគេពីការឃុំខ្លួន ព្រមទាំងបង្កើតយន្តការត្រួតពិនិត្យតាមផ្លូវច្បាប់ ដើម្បីវាយតម្លៃតម្រូវការការពាររបស់បុគ្គលម្នាក់ៗ មុននឹងមានការបញ្ជូននរណាម្នាក់ទៅមីយ៉ាន់ម៉ា។

APHR ក៏ជំរុញឱ្យថៃបង្ហាញវិធានការការពារជាក់ស្តែងចំពោះជនដែលកំពុងស្ថិតក្នុងទឹកដីថៃ មុនការត្រួតពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ ក្រោមយន្តការ Universal Periodic Review (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែវិច្ឆិកាខាងមុខ។

ប្រភព៖ Aseanmp.org