ឯកឧត្តមហ៊ុនម៉ានី ដឹកនាំកិច្ចប្រជុំជំរុញយុទ្ធនាការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីពិនិត្យវឌ្ឍនភាព ស្តាប់បញ្ហាប្រឈមពីក្រុង-ស្រុកទាំង៩ និងដាក់ចេញទិសដៅបន្ត សំដៅប្រគល់បណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងស្មើភាព។

កិច្ចប្រជុំបានកត់សម្គាល់ដោយមោទនភាពថា ខេត្តកំពង់ស្ពឺបានបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ២០២៤ ដោយវាស់វែងបាន ១.០៩៩.៨៨៣ ក្បាលដី។ មុនពេលចាប់ផ្តើមយុទ្ធនាការខេត្តបានចែកជូន
ប្រជាពលរដ្ឋចំនួន ១.០០៩.១៥៣ បណ្ណ។ ក្នុងយុទ្ធនាការ ខេត្តបានចែកបន្ថែមចំនួន ៩.២៦៨ បណ្ណគិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលនាំឱ្យចំនួនបណ្ណដែលបានប្រគល់ជូនប្រជាពលរដ្ឋសរុបកើនដល់ ១.០១៨.៤២១ បណ្ណ ស្មើនឹងប្រមាណ ៩២,៦% នៃក្បាលដីដែលបានវាស់វែងជាប្រព័ន្ធ។ លទ្ធផលនេះបង្ហាញថា ខេត្តកំពង់ស្ពឺកំពុងឈានទៅដំណាក់កាលចុងក្រោយនៃការចែកបណ្ណកម្មសិទ្ធិដីធ្លី។ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖«គោលដៅរបស់យើងមានតែមួយគត់គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាយ៉ាងយូរត្រឹមខែមេសាឆ្នាំ២០២៧»។

ដើម្បីសម្រេចគោលដៅនេះឯកឧត្តមបានដាក់ចេញទិសដៅឱ្យក្រុមការងារប្រើប្រាស់ទិន្នន័យរួមដែលត្រឹមត្រូវអនុវត្តផែនការសកម្មភាពឱ្យស៊ីសង្វាក់គ្នានិងបំពេញភារកិច្ចដោយតម្លាភាពស្មើភាពនិងមិនរើសអើង។បញ្ហាដែលអាចដោះស្រាយនៅមូលដ្ឋានត្រូវដោះស្រាយឱ្យបានឆាប់រហ័សខណៈបញ្ហាលើសសមត្ថកិច្ចត្រូវរាយការណ៍ជូនក្រុមការងារដឹកនាំដោយមិនទុកឱ្យប្រជាពលរដ្ឋរង់ចាំដោយគ្មានមូលហេតុឡើយ។ជាការលើកទឹកចិត្តដល់ក្រុមការងារមូលដ្ឋានឯកឧត្តមប្រធានក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនរដ្ឋបាលឃុំសង្កាត់មេភូមិអនុភូមិសមាជិកភូមិមន្រ្តីនិងមន្ត្រីស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីដែលបានបំពេញការងារយ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះផងដែរ។ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដែលបានដឹកនាំនិងជំរុញការងារនេះក្នុងក្របខ័ណ្ឌថ្នាក់ជាតិនិងខេត្តកំពង់ស្ពឺព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺសាខាពន្ធដារខេត្តកំពង់ស្ពឺថ្នាក់ដឹកនាំក្រុង/ស្រុកឃុំ/សង្កាត់និងភូមិទាំងអស់ដែលបានសហការនិងខិតខំប្រឹងប្រែងអនុវត្តយុទ្ធនាការនេះរហូតទទួលបានលទ្ធផលជាវិជ្ជមាន។សមិទ្ធផលនេះមានមូលដ្ឋានពីចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងជំរុញការកែទម្រង់ដីធ្លី ការចុះបញ្ជីដីធ្លី និងការផ្តល់បណ្ណកម្មសិទ្ធិ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត។ ចក្ខុវិស័យនេះត្រូវបានបន្តយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយជវភាពថ្មីដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ការបញ្ចប់ការវាស់វែង និងការចុះបញ្ជីដីធ្លី ព្រមទាំងការចែកបណ្ណជូនប្រជាពលរដ្ឋជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាពិសេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញដំណោះស្រាយ ៨ ចំណុច ដើម្បីដោះស្រាយភាពកកស្ទះពន្លឿននីតិវិធី និងសម្រួលបន្ទុកពាក់ព័ន្ធនឹងការទទួលបណ្ណកម្មសិទ្ធិ។ ការសម្រេចដ៏យកចិត្តទុកដាក់នេះ បានបង្កើតក្តីសង្ឃឹម និងទទួលការសាទរពីប្រជាពលរដ្ឋជាច្រើន ជាពិសេសគ្រួសារដែលកំពុងរង់ចាំបណ្ណ ឬប្រឈមនឹងបញ្ហាឯកសារ ពន្ធ និងសេវាសុរិយោដី។