តួកគីយ៉េ ចូលរួមក្រុមចម្រុះការពារដែនសមុទ្រជាមួយប្រទេស ១៣ទៀត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រក្រហមទួកគីយ៉េតួកគី ចូលរួមក្រុមចម្រុះការពារដែនសមុទ្រជាមួយប្រទេស ១៣ទៀត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រក្រហម
អង់ការ៉ា៖ ប្រទេសតួកគីបានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើត ក្រុមចម្រុះការពារដែនសមុទ្រពហុជាតិ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិនៅតំបន់សមុទ្រក្រហម។

ក្រសួងការពារជាតិតួកគី បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា តាមការអញ្ជើញរបស់អារ៉ាប៊ីសាអូឌីត កិច្ចប្រជុំបច្ចេកទេសមួយត្រូវបានរៀបចំឡើងនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីពិភាក្សាអំពីការធានាសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Bab al-Mandab។
ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា ទីក្រុងអង់ការ៉ា កំពុងបន្តធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ឈូងសមុទ្រ និងធានាឱ្យលំហូរពាណិជ្ជកម្មអន្តរជាតិអាចបន្តប្រព្រឹត្តទៅដោយមិនមានការរំខាន។
ការចូលរួមរបស់តួកគីត្រូវបានគេមើលឃើញថា អាចជំរុញឱ្យកិច្ចសហប្រតិបត្តិការការពារជាតិរវាង តួកគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន កាន់តែស៊ីជម្រៅ បន្ទាប់ពីប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា កាលពីសប្តាហ៍មុន ដោយមានការប្តេជ្ញាចិត្តផ្តល់ការគាំទ្រផ្នែកសន្តិសុខដល់គ្នាទៅវិញទៅមក។
អារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីខែមុនថា ខ្លួនបានបង្កើតសម្ព័ន្ធភាពដែនសមុទ្រមួយ ដែលមានប្រទេសចំនួន ១៣ ដើម្បីពង្រឹងសន្តិសុខនៅសមុទ្រក្រហម។ សម្ព័ន្ធនេះត្រូវបានរាយការណ៍ថា រួមមាន អារ៉ាប៊ីសាអូឌីត តួកគី ប៉ាគីស្ថាន បារ៉ែន បង់ក្លាដែស កូម៉ូរ៉ូស ជីប៊ូទី អេហ្ស៊ីប ហ្ស៊កដានី គុយវ៉ែត កាតា សូម៉ាលី និងយេម៉ែន ហើយមានទីស្នាក់ការនៅទីក្រុងរីយ៉ាដ។
ការបង្កើតក្រុមចម្រុះនេះកើតឡើង បន្ទាប់ពីក្រុមហ៊ូធី (Houthis) បានប្រកាសកាលពីថ្ងៃទី២០ ខែកក្កដា ថាខ្លួនបានដាក់ ការបិទខ្ទប់ផ្លូវសមុទ្ររបស់អារ៉ាប៊ីសាអូឌីត ដែលបានបង្កការរំខានដល់ការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រក្រហម បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz។
ដោយឡែក ការចូលរួមរបស់តួកគីក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងទីក្រុងអង់ការ៉ា និងរីយ៉ាដ ព្រមទាំងបង្កើនសមត្ថភាពរួមក្នុងការការពារផ្លូវនាវាចរណ៍សំខាន់មួយសម្រាប់ពាណិជ្ជកម្ម និងថាមពលពិភពលោក។
ប្រភព៖ Middle East Eys











