រដ្ឋមន្ត្រីអ៊ីរ៉ាក់ កំណត់ថ្ងៃចុងក្រោយ ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសរបស់ខ្លួន ដោយអះអាងថា តទៅនឹងគ្មានវត្តមានយោធាបរទេសទៀតនោះទេ!


បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi បានបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ គឺជា «កាលកំណត់ដែលមិនអាចផ្លាស់ប្តូរ និងជាកាលបរិច្ឆេទចុងក្រោយ» សម្រាប់បញ្ចប់បេសកកម្មយោធារបស់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម (ISIS) នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយត្រូវដកកងកម្លាំងរបស់ខ្លួន ចេញពីប្រទេស។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីលោក Al-Zaidi បានជួបពិភាក្សាជាមួយឧត្តមសេនីយ៍ Brad Cooper មេបញ្ជាការកងបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក (US Central Command) ខណៈនោះការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់អំពីកាលកំណត់នេះ។

តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា នឹងជាកាលបរិច្ឆេទចុងក្រោយសម្រាប់បញ្ចប់បេសកកម្មយោធារបស់ Global Coalition to Defeat ISIS នៅអ៊ីរ៉ាក់ និងបញ្ចប់ការដកកងកម្លាំងរបស់ខ្លួន។ ចំណែកថ្ងៃទី១ ខែតុលា នឹងក្លាយជាការចាប់ផ្តើមដំណាក់កាលថ្មីមួយ ដែលអ៊ីរ៉ាក់នឹងគ្មានវត្តមានយោធាបរទេសនៅក្នុងប្រទេស។

ទោះជាយ៉ាងណា ភាគីអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានព្រមព្រៀងលើកាលកំណត់នេះ ក្នុងអំឡុងពេលលោក Al-Zaidi បំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែកក្កដា។ ជាមួយគ្នានេះ លោក Al-Zaidi និងឧត្តមសេនីយ៍ Brad Cooper បានបញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក នឹងបន្តផ្លាស់ប្តូរទៅរកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ដោយផ្អែកលើការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និងបន្តផលប្រយោជន៍រួមគ្នា។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Associated Press ថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការដកកងកម្លាំងចេញពីអ៊ីរ៉ាក់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ប៉ុន្តែមិនបានបញ្ជាក់ថា បច្ចុប្បន្នមានកងទ័ពអាមេរិកចំនួនប៉ុន្មាននាក់នៅអ៊ីរ៉ាក់ ឬពួកគេនឹងត្រូវផ្លាស់ទៅទីតាំងណាឡើយ។

គួរបញ្ជាក់ថា កងទ័ពអាមេរិក ធ្លាប់បានដកចេញពីមូលដ្ឋានភាគច្រើននៅតំបន់ផ្សេងៗក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន ប៉ុន្តែបានរក្សាវត្តមានមួយចំនួននៅតំបន់ Kurdistan ភាគខាងជើង ដែលមូលដ្ឋានទាំងនោះបានប្រឈមនឹងការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ប្រភព៖ Aljazeera