សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូមួលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។ កិច្ចប្រជុំកំពូលក៏នឹងផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពន្លឿនការកសាងសហគមន៍អាស៊ាន ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ និងពង្រឹងការចូលរួមជាមួយដៃគូសន្ទនារបស់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន និងចាប់យកកាលានុវត្តភាពថ្មីៗ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ