កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី។



កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការ OIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អមសំខាន់ៗចំនួន ៤ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦ និងវេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) ដើម្បីផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និងការកសាងភាពជាដៃគូ រួមទាំងជំនួបទ្វេភាគី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ។
លើសពីនេះ កិច្ចប្រជុំកំពូលនេះនឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន ៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី រួមមាន៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសុខវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី (២) សេចក្តីសម្រេច ស្តីពី ស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង (៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
ព្រះរាជាណាចក្រកម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីគ្រប់តំបន់នៃសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងសម្របសម្រួលការសន្ទនាប្រកបដោយស្ថាបនា សំដៅរួមគ្នាបន្តកសាងសន្តិភាព ជំរុញវិបុលភាពរួម និងលើកកម្ពស់ស្ថិរភាពយូរអង្វែង។
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ













