ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង មកកម្ពុជា នឹងនាំមកនូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រលើវិស័យសំខាន់ៗចំនួន ៤


ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អ៊ីម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Intelligence Online អំឡុងដំណើរទស្សនកិច្ចនេះ កម្ពុជា និងបារាំង គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗលើវិស័យចំនួន ៤ រួមមាន វិស័យអវកាស ការពារជាតិ ថាមពល និងអាកាសយានដ្ឋាន ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

លើវិស័យអវកាស និងបច្ចេកវិទ្យា ភាគីទាំងពីរបានពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណិត កុំព្យូទ័រខងទិច និងបន្ទះឈីបអេឡិចត្រូនិក ដោយផ្តោតលើការប្រើប្រាស់ជំនាញអវកាសបារាំងសម្រាប់ទិន្នន័យផ្កាយរណប ទូរគមនាគមន៍ កសិកម្ម និងការគ្រប់គ្រងគ្រោះមហន្តរាយ។ ទន្ទឹមនឹងនេះ ក្នុងវិស័យការពារជាតិ ប្រទេសទាំងពីរគ្រោងនឹងដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តោតលើការបណ្តុះបណ្តាលកងរក្សាសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅទីក្រុងប៉ារីសកាលពីពេលកន្លងមក។

ចំពោះវិស័យថាមពល ដែលជាផ្នែកមានទំហំវិនិយោគធំជាងគេ កម្ពុជា និងបារាំង បានប្តេជ្ញាពន្លឿនគម្រោងសំខាន់ៗរួមមាន មន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង គម្រោងបំប្លែងសំរាមទៅជាថាមពល និងគម្រោងស្តុកថាមពលវារីអគ្គិសនី ខណៈដែលក្រុមហ៊ុនរដ្ឋបារាំង EDF កំពុងពិនិត្យមើលគម្រោងវារីអគ្គិសនីទំហំ ៨០០ មេហ្គាវ៉ាត់ ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាម៉េរិក និងកិច្ចសន្យាធ្វើទំនើបកម្មបណ្តាញអគ្គិសនីកម្ពុជា។ ដោយឡែក លើវិស័យអាកាសយានដ្ឋាន ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងផ្តល់ភាពជាផ្លូវការដល់តួនាទីរបស់ក្រុមហ៊ុនបារាំង Vinci Airports ក្នុងការគ្រប់គ្រង និងការវិនិយោគថ្មីលើហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅថ្មី។

សារព័ត៌មាន Intelligence Online បានវាយតម្លៃថា ដំណើរទស្សនកិច្ច និងកិច្ចព្រមព្រៀងទាំងនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូសហប្រតិបត្តិការ និងទាញយកធនធានបច្ចេកវិទ្យាពីបារាំង ដែលជាជោគជ័យផ្នែកការទូតដ៏ធំមួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈដែលបារាំងក៏អាចពង្រឹងឥទ្ធិពល និងទទួលបានកិច្ចសន្យាការងារសម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ប្រភព៖ Intelligence Online