| |

សហរដ្ឋអាមេរិក រឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ ខណៈអ៊ីរ៉ង់ប្រកាសត្រៀមប្រតិបត្តិការសងសឹក


សហរដ្ឋអាមេរិកបានរឹបយកកប៉ាល់ដឹកទំនិញមួយរបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈអាជ្ញាធរអ៊ីរ៉ង់បានប្រកាសថានឹងចាត់វិធានការឆ្លើយតបវិញ ដោយអះអាងថា វាជាការរំលោភលើបទឈប់បាញ់។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យស្ថានការណ៍តានតឹងនៅក្នុងតំបន់កើនឡើងម្តងទៀត ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ។

ការបញ្ជាក់អំពីប្រតិបត្តិការនេះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសតាមបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកបានឲ្យដឹងថា កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ឈ្មោះ “TOUSKA” ដែលមានប្រវែងប្រហែល ២៧៤ម៉ែត្រ បានព្យាយាមឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិក។

តាមការអះអាងរបស់លោក កប៉ាល់យោធាអាមេរិក USS Spruance បានធ្វើការស្ទាក់ចាប់ និងព្រមានឲ្យកប៉ាល់ TOUSKA បញ្ឈប់ដំណើរការ ប៉ុន្តែគេបានបដិសេធមិនគោរពតាម។ ដោយហេតុនេះ កងទ័ពជើងទឹកអាមេរិកបានចាត់វិធានការបញ្ឈប់កប៉ាល់ ដោយបាញ់ទម្លុះបន្ទប់ម៉ាស៊ីន ហើយកងម៉ារីនបានចូលគ្រប់គ្រងកប៉ាល់នោះជាបន្តបន្ទាប់។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា កប៉ាល់ TOUSKA ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់មុននេះ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់អាមេរិក។

ជាការឆ្លើយតប អាជ្ញាធរអ៊ីរ៉ង់តាមរយៈស្ថាប័នយោធា Khatam al-Anbiya បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានប្រើអាវុធវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មរបស់អ៊ីរ៉ង់ក្នុងដែនទឹកអន្តរជាតិ បណ្តាលឲ្យប្រព័ន្ធនាវាចរណ៍រងការខូចខាត។ អ៊ីរ៉ង់បានចាត់ទុកសកម្មភាពនេះថាជា “អំពើចោរកម្មប្រដាប់អាវុធ” និងបានព្រមានថា នឹងមានការឆ្លើយតបវិញក្នុងពេលឆាប់ៗខាងមុខ។

ជាងនេះផងដែរ ការរឹបយកកប៉ាល់នេះកើតឡើងបន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានប្រកាសពីការចល័តកម្លាំងយោធាច្រើនក្នុងតំបន់ រួមមានទាហានជាង ១០,០០០ នាក់ នាវាចម្បាំង ១២ គ្រឿង និងយន្តហោះជាង ១០០ គ្រឿង ដើម្បីអនុវត្តការបិទខ្ទប់ផ្លូវទឹកនៅតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់។

យ៉ាងណាមិញ ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ USS Abraham Lincoln (CVN-72) នៅសមុទ្រអារ៉ាប់ ដោយមានការគាំទ្រពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវដូចជា USS Delbert D. Black (DDG-119)។

ដោយឡែក លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក ក៏បានបញ្ជាក់ថា វិធានការបិទខ្ទប់នេះអនុវត្តចំពោះគ្រប់នាវាទាំងអស់ដោយមិនរើសអើងសញ្ជាតិ ប្រសិនបើពួកគេចូលឬចាកចេញពីកំពង់ផែអ៊ីរ៉ង់។ លោកបន្ថែមថា កងកម្លាំងអាមេរិកនឹងចាត់វិធានការភ្លាមៗ ប្រសិនបើមានការប៉ុនប៉ងដឹកជញ្ជូនប្រេងចេញពីអ៊ីរ៉ង់។

ប្រភព៖ Aljazeera