ឯកឧត្តមបណ្ឌិត សោម រតនា៖ «សមត្ថភាព គុណតម្លៃ និងឧត្តមភាពរបស់មន្រ្តីវាយតម្លៃ ជាគន្លឹះនៃការធានាគុណភាពអប់រំ»
នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាថ្នាក់ដឹកនាំទទួលបន្ទុកអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC) ថ្លែងទៅកាន់ក្រុមមន្រ្តីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ក្នុងពិធីបិទសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្រ្តីរាយម្លៃគុណភាពអប់រំ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ចាម។






ជាមួយគ្នានោះ ឯកឧត្តម បានមានប្រសាសន៍ថា ខណៈដែលរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់វិស័យអប់រំ និងការលើកកម្ពស់ការចុះឈ្មោះចូលរៀនក្នុងកម្រិតឧត្តមសិក្សា ការផ្តោតលើគុណភាពអប់រំ នៅតែជាអាទិភាពសំខាន់បំផុត ដែលដាក់ចេញដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបន្តលើកឡើងថា ការកែលម្អកម្មវិធីសិក្សាដោយផ្អែកលើលទ្ធផល ការចាប់យកវិធីសាស្រ្តរៀន និងបង្រៀនដោយមានជំនួយពីបច្ចេកវិទ្យា ការស្រាវជ្រាវដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សា និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងស្ថាប័ន ត្រូវបានយកចិត្តទុកដាក់ ជាមួយនឹងការដាក់ចេញនូវយន្តការវាយតម្លៃគុណភាពផ្ទៃក្នុង និងយន្តការវាយតម្លៃពីភ្នាក់ងារខាងក្រៅ ដែលមាននិយាម និងស្តង់ដាកម្រិតតំបន់។
ទន្ទឹមនឹងយន្តការមានប្រសិទ្ធភាព ឯកឧត្តមបានបន្តថា មន្រ្តីវាយតម្លៃគុណភាពអប់រំ ដែលមានសមត្ថភាព ពិតជាដើរតួនាទីសំខាន់ ក្នុងការជួយលើកកម្ពស់គុណភាពអប់រំ ដែលនេះ ទាមទារឲ្យមន្រ្តីទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ត្បិតទិដ្ឋភាពអប់រំ មានការប្រែប្រួលឥតឈប់ឈរ។ ជាមួយគ្នានេះ ការកសាងគុណតម្លៃ និងឧត្តមភាព នៃមន្រ្តីម្នាក់ៗ ក៏មានសារៈសំខាន់ខ្វះមិនបាន ដែលតោងមន្រ្តីវាយតម្លៃគ្រប់រូបត្រូវប្រកាន់យក។















