|

ឯកឧត្តមបណ្ឌិត សោម រតនា៖ មានតែការអប់រំទេ ដែលអាចផ្លាស់ប្តូរជីវិតយើងឲ្យកាន់តែប្រសើរឡើង


រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលថ្នាក់ជាតិទទួលបន្ទុកកម្មវិធីអាហារូបករណ៏ Erasmus+ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីអាហារូបករណ៏អឺរ៉ុប Erasmus+ ជូនដល់ប្អូនៗនិស្សិត និងមន្រ្តីរាជការ នៃសាកលវិទ្យាល័យស្វាយរៀង។

បន្ទាប់ពីបានស្តាប់នូវបទអន្តរាគមលើទិដ្ឋភាពរួម នៃក្របខណ្ឌអាហារូបករណ៏ពីសំណាក់លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូអឺរ៉ុបប្រចាំកម្ពុជាមក ឯកឧត្តមប្រធានគណៈអធិបតី បានថ្លែងអំណរគុណដល់ប្រតិភូសហភាពអឺរ៉ុប ក៏ដូចជាថ្នាក់ដឹកនាំសាកលវិទ្យាល័យស្វាយរៀង ដែលបានផ្តួចផ្តើមរៀបចំនូវពិធីដ៏មាននូវសារប្រយោជន៍នេះ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត និងសាស្រ្តាចារ្យទាំអស់ ឲ្យបន្តតាំងចិត្តជាវិជ្ជមាន និងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីទាញយកអាហារូបករណ៍នេះ និងបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ផ្តល់លទ្ធភាពឲ្យកាន់តែប្រសើរសម្រាប់អ្នកទាំងឡាយ ដែលមានចំណាប់អារម្មណ៏ចំពោះអាហារូបករណ៍នេះ។

ជាការផ្តាំផ្ញើជូនអង្គពិធី ឯកឧត្តមបានគូសបញ្ជាក់ថា “មានតែការអប់រំទេ ដែលអាចផ្លាស់ប្តូរជីវិតយើងឲ្យកាន់តែប្រសើរឡើង ដូច្នេះតោងប្អូនៗទាំងអស់គ្នា ក្តាប់យកឱកាសនេះឲ្យខាងតែបាន។”