អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez វិលត្រឡប់ទៅស្រុកកំណើត ក្រោយទទួលបានការលើកលែងទោសពីលោក ដូណាល់ ត្រាំ
អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកវិញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការលើកលែងទោសពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំឡុងពេលកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៤៥ឆ្នាំនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធគ្រឿងញៀន និងអាវុធ។


គួរបញ្ជាក់ជូនថា លោក Hernandez បានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាសរយៈពេល ២អាណត្តិជាប់គ្នា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Palmerola តាមរយៈជើងហោះហើរឯកជន។ អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា។
ទោះបីទទួលបានការលើកលែងទោសពីលោក ដូណាល់ ត្រាំ ក៏ដោយ លោក Hernandez នៅតែត្រូវប្រឈមមុខនឹងសំណុំរឿងនៅក្នុងប្រទេសហុងឌូរ៉ាស។ តាមការគ្រោងទុក លោកនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងបទក្លែងបន្លំ និងការលាងលុយ។
សូមបញ្ជាក់ជូនសារជាថ្មីថា លោក Hernandez ត្រូវបានអាជ្ញាធរហុងឌូរ៉ាសចាប់ខ្លួននៅរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២២ មុនពេលត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរខែក្រោយមក។ នៅឆ្នាំ២០២៤ តុលាការសហរដ្ឋអាមេរិក បានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ៤៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់រត់ពន្ធគ្រឿងញៀន និងអាវុធ ដែលលោកបានបដិសេធជាបន្តបន្ទាប់។
ដោយឡែក ការលើកលែងទោសពីលោក ដូណាល់ ត្រាំ បានធ្វើឡើងនៅចុងឆ្នាំ២០២៥ ស្របពេលការបោះឆ្នោតប្រធានាធិបតីហុងឌូរ៉ាសកំពុងខិតជិតមកដល់។ សេចក្តីសម្រេចនេះបានបង្កឱ្យមានការរិះគន់ពីបេក្ខជនប្រធានាធិបតីនាំមុខគេ និងក្រុមនយោបាយមួយចំនួន ដែលចាត់ទុកថា ជាការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកចូលក្នុងដំណើរការនយោបាយរបស់ហុងឌូរ៉ាស។
យ៉ាងណាក៏ដោយ ការលើកលែងទោសរបស់លោក ដូណាល់ ត្រាំ មានប្រសិទ្ធភាពតែលើទោសដែលលោក Hernandez បានទទួលនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនមានឥទ្ធិពលលើសំណុំរឿង និងការចោទប្រកាន់ដែលកំពុងដំណើរការនៅក្នុងប្រទេសហុងឌូរ៉ាសនោះឡើយ៕
ប្រភព៖ Reuters















