ឯកឧត្តមបណ្ឌិត សោម រតនា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវភ្ជាប់ជាមួយការគ្រប់គ្រងហានិភ័យប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ
ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) បានលើកឡើងថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តែងតែដើរទន្ទឹមគ្នានឹងហានិភ័យ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការគ្រប់គ្រងផលប៉ះពាល់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងហានិភ័យផ្នែកសុវត្ថិភាព បរិស្ថាន និងសង្គម» ដែលបាន និងកំពុងប្រព្រឹត្តិទៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។







ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានគូសបញ្ជាក់ថា មេរៀន និងបទពិសោធន៍កន្លងមក បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ដែលយើងចាំបាច់ត្រូវរួមគ្នាកែលម្អ ជាពិសេសលើការគ្រប់គ្រងសុវត្ថិភាពនៅតាមការដ្ឋាន សុខុមាលភាពរបស់កម្មករ ការចៀសវាងគ្រោះថ្នាក់ការងារ និងការគោរពតាមស្តង់ដាគុណភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ឯកឧត្តមបានបន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ក្នុងការដកស្រង់មេរៀនគន្លឹះៗ ពិនិត្យមើលចន្លោះប្រហោង និងរួមគ្នារៀបចំផែនការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ឱ្យកាន់តែមានភាពបុរេសកម្ម ចំទិសដៅ និងមានប្រសិទ្ធភាព ដើម្បីធានាថា រាល់ការអនុវត្តគម្រោងសាងសង់ទាំងអស់នៅក្រោម HEIP2 នឹងប្រព្រឹត្តទៅដោយរលូន ព្រមទាំងផ្តល់នូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សគ្រប់រូប និងសហគមន៍ជុំវិញ។















