ប្រទេសចំនួន ២៩ ចាប់ដៃគ្នាបង្កើត «អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» ដឹកនាំដោយចិន
ប៉េកាំង៖ ប្រទេសចំនួន ២៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (World AI Cooperation Organization) ដែលជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្រទេសចិនអះអាងថា មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគ្រប់គ្រងអភិបាលកិច្ចសកលលើវិស័យបញ្ញាសិប្បនិម្មិត (AI)។




ក្នុងនោះតំណាងមកពីប្រទេសស្ថាបនិកទាំង ២៩ រួមមាន រុស្ស៊ី បេឡារុស ស៊ែប៊ី គុយបា ប្រេស៊ីល និងវេណេស៊ុយអេឡា ព្រមទាំងប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិក និង ១២ នៅទ្វីបអាស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឱ្យដឹងថា ទីស្នាក់ការកណ្តាលរបស់អង្គការនេះ នឹងមានទីតាំងនៅទីក្រុង សៀងហៃ។
ពិធីចុះហត្ថលេខាត្រូវបានរៀបចំឡើងនៅទីក្រុងសៀងហៃ មុនការបើកសន្និសីទប្រចាំឆ្នាំ World Artificial Intelligence Conference (WAIC) មួយថ្ងៃ ខណៈប្រធានាធិបតីចិន ស៊ី ជីនភីង ត្រូវបានគេរំពឹងថា នឹងបង្ហាញចក្ខុវិស័យដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង ស្តីពីតួនាទីរបស់ចិនក្នុងការគ្រប់គ្រងអភិបាលកិច្ច AI នៅលើឆាកពិភពលោក។
គួរបញ្ជាក់ថា ប្រទេសចិនបានស្នើគំនិតបង្កើត អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក តាំងពីសន្និសីទ WAIC កាលពីឆ្នាំមុន ប៉ុន្តែមិនទាន់មានប្រទេសណាមួយប្រកាសចូលរួមជាផ្លូវការឡើយ រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ប្រភព៖ Reuters













