|

ប្រទេសចំនួន ១០ រួមទាំងប៉ាគីស្ថាន ខឹងសម្បារអ៊ីស្រាអែលយ៉ាងខ្លាំង ចំពោះការស្ទាក់ចាប់នាវាជំនួយនៅតំបន់ហ្គាហ្សា


ប្រទេសចំនួន ១០ រួមមានប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារ នេះ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការស្ទាក់ចាប់របស់អ៊ីស្រាអែលលើកប៉ាល់ដឹកជំនួយមនុស្សធម៌ “Global Sumud Flotilla” ដែលកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន ទួរគី បង់ក្លាដែស ប្រេស៊ីល កូឡុំប៊ី ឥណ្ឌូណេស៊ី ហ្ស៊កដានី លីប៊ី ម៉ាល់ឌីវ និងអេស្ប៉ាញ តាមរយៈការបង្ហោះលើបណ្តាញសង្គម X របស់ក្រសួងការបរទេស។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ប្រទេសទាំងនេះ “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយប្រហារ និងការស្ទាក់ចាប់ឡើងវិញរបស់អ៊ីស្រាអែលលើបេសកកម្មមនុស្សធម៌ស៊ីវិលមួយ ដែលមានគោលបំណងដើម្បីទាក់ទាញការយកចិត្តទុកដាក់អន្តរជាតិចំពោះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីទាំងនេះបានបញ្ជាក់ថា ការប្រតិបត្តិការរបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារលើកប៉ាល់ និងការឃុំខ្លួនអ្នកសកម្មភាពដោយគ្មានហេតុផលស្របច្បាប់ គឺជាការរំលោភយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។

ដោយឡែក សេចក្តីថ្លែងការណ៍ក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់អ្នកចូលរួមស៊ីវិលនៅលើកប៉ាល់ ហើយបានអំពាវនាវឲ្យមានការដោះលែងអ្នកសកម្មភាពទាំងអស់ដែលត្រូវបានឃុំខ្លួនភ្លាមៗ ព្រមទាំងត្រូវគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

គួរបញ្ជាក់ថា បេសកកម្ម “Global Sumud Flotilla” បានក្លាយជាការប៉ុនប៉ងថ្មីបំផុតមួយរបស់ក្រុមសកម្មជនអន្តរជាតិ ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដែលកំពុងរងការបិទផ្លូវសមុទ្រ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។យ៉ាងណាមិញ អ៊ីស្រាអែល នៅតែបន្តអះអាងថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការរំលោភបំពានលើការបិទផ្លូវសមុទ្រនោះឡើយ ខណៈដែលភាពតានតឹងអន្តរជាតិជុំវិញបញ្ហានេះនៅតែបន្តកើនឡើង។

ប្រភព៖ Dawn